ភ្នំពេញ ៖ ថៅកែឃ្លាំងទិញលក់រថយន្តបោកប្រាស់មួយកន្លែង ដែលប្រើល្បិចលក់រថយន្ត«ខ្យល់»ហើយប្រមូលប្រាក់កក់ប្រមាណជិត ១លានដុល្លាររត់បាត់ ត្រូវបានប្រជាពលរដ្ឋដែលជាអ្នកចាញ់បោកតាមរកឃើញ និងប្តឹងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃអោយជួយឃាត់ខ្លួនយកទៅដោះស្រាយគ្នាតាមច្បាប់។
ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៩ នៅចំណុច ហាង ម៉ាស្ទើរស៊ុគីស៊ុប ហ្គោល ដែលស្ថិត នៅអតីតអធិដ្ឋាននគរបាលខណ្ឌទួលគោក តាមមហាវិថីសេនាប្រមុខ គីមអ៊ិលស៊ុង មុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
ជនដែលប្រើល្បិច បោកក្រោមរូបភាពលក់រថយន្តខ្យល់បង់រំលោះ ប្រមូលប្រាក់កក់រត់នោះ ត្រូវបានគេស្គាល់ឈ្មោះ សេង សុភគ៌ ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅផ្ទះ៦២៧ ផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
តាមព័ត៌មានអោយដឹងថា មានប្រជាពលរដ្ឋ ប្រមាណជិត១០០នាក់ ដែលបានចាញ់បោកជននោះ ដែលបានទៅទិញរថយន្តបង់រំលោះ និងបានកក់ប្រាក់ខ្លះ ៣ពាន់ ខ្លះ៥ពាន់ រហូតដល់ ១ម៉ឺនដុល្លារ រាប់ខែមកហើយ ថៅកែគ្មានរថយន្តអោយទេ ដោយក៍ប្រមូលប្រាក់ជិត១លានដុលារ រត់គេចបាត់។
តាមព័ត៌មានអោយដឹងថា បន្ទាប់ពីរត់គេចខ្លួន ប្រជាពលរដ្ឋដែលចាញ់បោកក៍បានលើកគ្នា ទៅកាន់ទីតាំងឃ្លាំងលក់រថយន្តយីហោ សេង ហួត ដែលស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ៤និង៣០នាទីរសៀល ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩ ម្តងទៀត និងបានលើកគ្នា ទៅសាលាសង្កាត់ ដើម្បីអោយអាជ្ញាធរជួយអន្តរាគមន៍ និងប្តឹងនគរបាលក្រសួងមហាផ្ទៃព្រមទាំងតាមរកហើយក៏ប្រទះឃើញ ជនសង្ស័យឆបោកនោះនៅទីតាំងដូចខាងលើ។
តាមព័ត៌មានបានអោយដឹងទៀតថា លុះនៅវេលាថ្ងៃត្រង់ អ្នកចាញ់បោកក៍បានតាមរកជននោះឃើញ ខណៈ ដែលជននោះព្រមទាំងស្រ្តីម្នាក់ទំនងជាជាភរិយាជិះរថយន្តមួយគ្រឿងម៉ាក TUNDRA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២O.២៥៥៧ ទៅស៊ីស៊ុបនៅចំណុចហាងខាងលើ។
តាមព័ត៌មានអោយដឹងទៀតថា ខណៈប្រជាពលរដ្ឋប្រមាណជាង៣០នាក់ បានធ្វើការបាននាំគ្នាចុះទៅដល់ ហាងនោះ និងបានទាក់ទងហៅនគរបាលការិយាល័យព្រហ្មទណ្ឌកំរិស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះទៅយកជនសង្ស័យ ។
គួរបញ្ជាក់ថា នេះជាល្បិចបោកថ្មី ដែលថៅកែ រថយន្តធ្វើនំអត់ម្សៅ បានជួលរថយន្តគេមកដាក់តាំងក្នុងឃ្លាំង ជាការបញ្ឆោតបោកប្រាស់ដើម្បីឲ្យអ្នកទិញទុកចិត្ត យកលុយទៅកក់ប៉ុណ្ណោះ។
តាមអ្នកដែលចាញ់បោកគេ បានអោយដឹងថា មានអ្នករងគ្រោះប្រមាណជិត១០០នាក់ ដែលបានចាញ់បោក នាំគ្នាទៅទិញរថយន្តបង់រំលោះ ដោយអស់ប្រាក់ម្នាក់ខ្លះ ៣ពាន់ដុល្លារ ,៥ពាន់ដុល្លារ និងខ្លះទៀតរហូតដល ១ម៉ឺនដុល្លារ ទៅតាមប្រភេទរថយន្ត រួមមាន រថយន្តហាយឡេនឌ័រ ឡិចស៊ីស៣៣០ និង៣៥០ តែកក់លុយខ្លះប្រមាណជាង១ខែ ខ្លះរហូតដល់ ៣ខែ មិនទាន់បានរថយន្តនោះទេ ដោយម្ចាស់បានប្រើល្បិច ដោះសាពន្យារពេលមិនចេះចប់។ដោយឡែកអ្នកខ្លះទៀតប្រគល់លុយគ្រប់បានរថយន្តយកទៅជិះរយៈពេលខ្លីហើយត្រូវបានថៅកែឃ្លាំងនេះទារយករថយន្តត្រឡប់ទៅវិញ ដោយកុហក់ថា រថយន្តដាច់ប្រព័ន្ធតាមដាន GPS ហើយក្រុមហ៊ុនត្រូវយកទៅវិញ ដើម្បីតភ្ជាប់ប្រព័ន្ធតាមដាន GPS ឲ្យបានត្រឹមត្រូវជូនឡើងវិញ ហើយក៍ទៅបាត់រហូតទាក់ទងលែងចូលទើបដឹងថា ឃ្លាំងលក់រថយន្តនោះបោកប្រាក់ពុំមានរថយន្តលក់នោះទេ គឺជួលរថយន្តគេមកដាក់តាំងប្រមូលលុយកក់ប្រមាណជិត ១លានដុល្លារ រត់គេចបាត់ស្រមោល តែគេចមិនរួចពីអ្នកស្វះស្វែងរកនោះឡើយ៕