ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់កងកម្លាំងប្រដាប់អាវុធត្រៀមលក្ខណៈគ្រប់ពេលវេលា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងបណ្តាញក្រុមភេរវជនគ្រប់រូបភាពទាំងអស់នៅកម្ពុជា គ្រាដែលស្ថានភាពនៃការវាយប្រហារដោយក្រុមភេរវជនហាក់កាន់តែកើនឡើងខ្លាំងក្នុងពេលចុងក្រោយ។ ទន្ទឹមគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីប្រកាសថ្កោលទោសចំពោះករណីបំផ្ទុះគ្រាប់បែកនៅស្រីលង្ការបណ្តាលឲ្យមនុស្សរាប់រយនាក់បាត់បង់ជីវិត។
បើទោះបីមិនមានសញ្ញាណាមួយនៃបណ្តាញក្រុមភេវរជននៅកម្ពុជាយ៉ាងណាក្តី តែប្រមុខដឹកនាំកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀមជានិច្ច និងកុំមានការធ្វេសប្រហែស ចំពោះបណ្តាញក្រុមភេវរជន ដើម្បីធានាថា កម្ពុជាមិនរងគ្រោះដោ យសារភេវរកម្ម។ មេរៀន និងបទពិសោធន៏ដែលបានកើតមាននៅស្រីលង្ការ នៅញូវហ្ស៊ីលែន និងបណ្តាប្រទេសផ្សេងទៀត គឺជាវិញ្ញាសារដ៏សំខាន់បំផុត សម្រាប់កងកម្លាំងប្រដាប់អាវុធ ត្រូវរៀនសូត្រ និងការពារឲ្យបានជាប់ជាប្រចាំ។ សម្តេចតេជោ បានប្រកាសថ្កោលទោសចំពោះភេរវកម្មបំផ្ទុះគ្រាប់បែក នៅប្រទេសស្រីលង្ការ ដែលបានផ្តាច់ផ្តិលជីវិតមនុស្សរាប់រយនាក់ និងបន្សល់ទុកអ្នករបួសជាច្រើននាក់ទៀតផង។ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់មិនត្រូវមើល ស្រាលសភាពការណ៏នោះទេ តែត្រូវធ្វើយ៉ាងណាកុំឲ្យកម្ពុជាក្លាយជាជម្រក របស់ភេរវជន។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យកន្លងទៅ ស្រីលង្កាបានរងអំពើភេរវកម្ម ចំនួន៨កន្លែងផ្សេងគ្នា ដែលបានសម្លាប់មនុស្ស ប្រមាណ២៩០នាក់ និងអ្នករបួសជាង៥០០នាក់។ ក្នុងចំណោមអ្នកស្លាប់២៩០នាក់ នោះ មានជនបរទេស ៣៧ មកពីប្រទេសចំនួន ៩ ដូចជាអង់គ្លេស អាមេរិក ចិន តួកគី ដាណឺម៉ាក ជាដើម។ នៅក្រោយ ភេរវកម្មបំផ្ទុះគ្រាប់បែកសម្លាប់មនុស្ស នៅវិហារកាតូលិក និងសណា្ឋគារប្រណិតៗ នៅទីក្រុងកូឡុំបូ ប៉ូលិសស្រីលង្កា នៅល្ងាចថ្ងៃអាទិត្យបានចាប់ខ្លួនជនសង្ស័យ២៤នាក់។ ការបំផ្ទុះនេះធ្វើឡើង នៅសណ្ឋាគារប្រណិតៗ ៣កន្លែង និងនៅវិហារកាតូលិកបីកន្លែង ចំណែក គ្រាប់បែកផ្ទុះ នៅ ២កន្លែងផ្សេងទៀត កើតឡើងនៅពេលប៉ូលិសបើកប្រតិបត្តិការទៅលើទីតាំងរបស់ជនសង្ស័យធ្វើភេរវកម្ម។ ប៉ូលិសបានរកឃើញផងដែរ គ្រាប់បែកច្នៃ ដែលមិនទាន់ផ្ទុះ នៅក្បែរព្រលាន យន្តហោះអន្តរជាតិ កូឡុំបូ គ្រាដែល នៅថ្ងៃចន្ទប៉ូលិសរកឃើញគ្រាប់បែកច្នៃ៨៧ នៅស្ថានីយ៍រថយន្តក្រុង នៅក្រុងកូឡុំបូ៕