ភ្នំពេញ ៖ ថ្លែងបិទសិក្ខាសាលាស្តីពី«ការវិវត្តវិស័យអប់រំក្នុងបរិបទឌីជីថលក្នុងក្របខ័ណ្ឌសកល និងកម្ពុជា»ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ឬហៅថា គណៈកម្មការទី៧ នៃរដ្ឋសភា លោក ហ៊ុន ម៉ានី បានលើកឡើងថា ការវិវត្តសេដ្ឋកិច្ចសកលលោក បរិបទឌីជីថល និងការវិវត្តការអប់រំសកលដែលកំពុងវិវត្តទៅរកយុគសម័យឌីជីថល ចាំបាច់កម្ពុជាត្រូវតែបន្តកំណែទម្រង់បន្ថែមទៀតក្នុងវិស័យអប់រំទាំងមូល ជាពិសេសគឺធ្វើការអប់រំទៅដល់សិស្សា
នុសិស្ស និស្សិត ឱ្យមានមូលដ្ឋានសម្បទាសំខាន់ចំនួន៣ គឺចំណេះសម្បទា បំណិនសម្បទា និង ចរិយាសម្បទា ព្រមទាំងបន្ថែមនូវចំណេះដឹង និងមានសមត្ថភាពជំនាញដែលអាចប្រកួតប្រជែងក្នុងបរិបទឌីជីថលដោយការមានជំនាញផ្នែកព័ត៌មានវិទ្យា ជំនាញឌីជីថល និងការយល់ដឹងអំពីសេដ្ឋកិច្ចឌីជីថល ដែលនឹងអនុញ្ញាតឱ្យកម្ពុជាមានឱកាសដូចប្រទេសដទៃក្នុងការចាប់យកឱកាសការងារថ្មីៗបន្ថែមទៀតទាំងក្នុងស្រុក,ក្នុងតំបន់ និងជាអន្តរជាតិ។
លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ផ្អែកលើមូលដ្ឋាននេះ និងរួមផ្សំជាមួយការចែករំលែក ចំណេះដឹង និងបទពិសោធន៍ពីសិក្ខាសាលាស្តីពី «ការវិវត្តវិស័យអប់រំក្នុងបរិបទឌីជីថលក្នុងក្របខ័ណ្ឌសកល និងកម្ពុជា» ដែលរៀបចំឡើងដោយគណៈកម្មការទី៧ នៃរដ្ឋសភា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី២២ មេសានេះ ក្រសួងអប់រំ យុវជន និងកីឡាអាចពិចារណាក្នុងការរៀបចំសៀវភៅសិក្សាគោលដែលអាចបញ្ចូលទស្សនទានថ្មីៗពាក់ព័ន្ធបដិវត្តន៍ឧស្សាហកម្មទី៤.០ និងយុគសម័យឌីជីថល ការអភិវឌ្ឍ និងពង្រឹងជាបន្តបន្ទាប់នូវវិធីសាស្រ្ត
បង្រៀនល្អៗ ប្រកបដោយប្រសិទ្ធភាពស្របទៅតាមបរិបទកម្ពុជាដើម្បីឱ្យសិស្សានុសិស្សទទួលបានចំណេះដឹងថ្មីៗ និងតាមទាន់សភាពការណ៍។
ក្នុងឱកាសនេះ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ក៏ដូចជាឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សុទ្ធតែបានចាត់ទុកសិក្ខា សាលានេះថាជាវេទិកាពិគ្រោះយោបល់ដ៏សំខាន់មួយដោយមានវាគ្មិនទាំងជាតិ និងអន្តរជាតិ និងអ្នក ចូលរួមទាំងអស់ ជាតួអង្គពាក់ព័ន្ធមកពីគ្រប់មូលដ្ឋាន និងស្ថាប័ននៃវិស័យអប់រំ បានពិភាក្សាគ្នាយ៉ាង ផុសផុល និងបានលើកឡើងគ្រប់ទិដ្ឋភាពនៃការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ដើម្បីត្រៀមក្នុងដំណើរ
អភិក្រមក្នុងយុគសម័យឌីជីថល។ ម្យ៉ាងទៀតសិក្ខាសាលានាពេលនេះ ក៏ជាវេទិកាទូលំទូលាយមួយដែលអនុញ្ញាតឱ្យតួអង្គសំខាន់ៗរួមមាន សមាជិកព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា តំណាងដៃគូអភិវឌ្ឍន៍ និស្សិត ព្រមទាំងភាគីពាក់ព័ន្ធនឹងវិស័យអប់រំ ទាំងអស់បានចែករំលែកចំណេះដឹង បទពិសោធន៍ និងបានយល់ជ្រួតជ្រាបកាន់តែច្បាស់អំពីគោល នយោបាយ និងអាទិភាពនៃកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ ព្រមទាំងចូលរួមកាន់តែសកម្មបន្ថែមទៀតដើម្បីអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែឆ្លើយតបទៅនឹងបរិបទឌីជីថល និងសម្រាប់អនាគតកម្ពុជា៕