តុលាការរាជធានីកំពុងចាត់ការសំណុំរឿងថៅកែលក់«ឡានខ្យល់»បង់រំលស់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 April, 2019 ក+ ក-

ភ្នំពេញ ៖ នគបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នេះ បានបញ្ជូនខ្លួនម្ចាស់ឃ្លាំងលក់រថយន្តបង់រំលួសយីហោ «សេង ហ៊ួត» ឈ្មោះ សេង សុភ័ក្រ ទៅកាន់តុលាការរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធនឹងករណីរំលោភលើសេចក្តីទុកចិត្ត។

ឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា ម្ចាស់ឃ្លាំងលក់រថយន្តយីហោ «សេង ហ៊ួត» ត្រូវបានឃាត់ខ្លួនមានពាក់ព័ន្ធលើករណីរំលោភលើសេចក្តីទុកចិត្ត ទៅលើជនរងគ្រោះជាច្រើននាក់។

លោក សេង សុភ័ក្រ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅហាងម៉ាស្ទ័រស៊ូគីស៊ុប ទល់មុខប៉េអឹមផ្ទៃប្រទេស ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពពីជនរងគ្រោះ បានប្រាប់ឱ្យដឹងថា លោក សេង សុភ័ក្រ មានការ៉ាស់លក់ និងបង់រំលួសរថយន្ត យីហោ «សេង ហ៊ួត» ដែលមានទីតាំងនៅផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ដោយឡែកសម្រាប់រថយន្តដែលបុគ្គល សេង សុភ័ក្រ បានដាក់ឱ្យបង់រំលស់ជូនដល់អតិថិជន គឺសុទ្ធតែរថយន្តស៊េរីទំនើប ប៉ុន្តែតាមពិតជារថយន្ត ដែលជួលពីការ៉ាស់ផ្សេងៗ ដើម្បីយកមកបង់រំលស់ជូនអតិថិជនតែប៉ុណ្ណោះ។

បន្ទាប់ពីទទួលបានប្រាក់បង់រំលស់រួចហើយ ជននេះបានកហុសថា រថយន្តដែលបង់រំលស់នេះដាច់ GPS ដែលតម្រូវឱ្យអតិថិជនដែលបង់រំលស់យកត GPS ជាថ្មី នៅការ៉ាស់របស់ខ្លួន ប៉ុន្តែរថយន្តដែលយកត GPS ត្រូវបានបានជម្លៀសចេញបាត់ជាបន្តបន្ទាប់ ហើយក្រោយមកទៀត ជននេះក៏បានរត់គេចបាត់រហូតមកដល់ថ្ងៃត្រូវបានចាប់ខ្លួន៕