ពោធិសាត់៖ លោក មាជ សុវណ្ណារ៉ា សមាជិកគណបក្សសង្គ្រោះជាតិ និងភរិយារបស់លោកបានរងរបួសក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅម៉ោង ២ និង៤៥នាទីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥នេះ។
នគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា លោក មាជ សុវណ្ណារ៉ា និងភរិយា កំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យខេត្តពោធិ៍សាត់ ។
មន្ត្រីនគរបាលបញ្ជាក់ថា នៅវេលាម៉ោងកើតហេតុ លោក មាជ សុវណ្ណារ៉ា និងភរិយាបានជិះរថយន្តម៉ាក ឡង់គ្រីស័រ ពាក់ស្លកលេខ ប.មានជ័យ 2A:5531 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងទឹកដីខេត្តពោធិសាត់ ។លុះមកដល់ចំណុចកើតហេតុបានបុកគ្នាពេញទំហឹងជាមួយនឹងរថយន្តមួយគ្រឿងទៀតដែលរត់បញ្ច្រាសទិសគ្នាម៉ាក LUXIS 330 ពាក់ស្លាកលេខ សៀមរាប 2A.8290 បណ្តាលឲ្យ លោក មាជ សុវណ្ណារ៉ា និងភរិយា ព្រមទាំងអ្នករួមដំណើរពីរនាក់ទៀត បានរងរបួសស្រាល់ និងធ្ងន់។
ប្រភពបន្តថា ជនរងគ្រោះរួមមាន៖ លោក មាជ សុវណ្ណារ៉ា រងរបួសស្រាល, អ្នកស្រី ចាន់ សុមាលី អាយុ ៣៤ឆ្នាំ ភរិយាលោក មាជ សុវណ្ណារ៉ា រងរបួសធ្ងន់, លោក ប៉ិន តុលា អាយុ ២៨ឆ្នាំ រងរបួសស្រាល និង លោក ឈឹម ចាន់ទ្រី រងរបួសស្រាល។
ក្រោយកើតហេតុជនរងគ្រោះទាំងអស់ ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។ ដោយឡែកភា គីម្ខាងទៀត បានរត់គេចខ្លួនបាត់ហើយ៕