រដ្ឋសភាបង្ហាញពីកង្វល់ខណៈកម្ពុជាទទួលចំណូលពីវិស័យប្រេងកាត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 April, 2019 ក+ ក-

ភ្នំពេញ ៖ គណៈ កម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ មេសា នេះ បានលើកយកសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត មកពិនិត្យ និងពិភាក្សា ក្រោមអធិបតីភាពប្រធានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដោយសមាជិកភាគច្រើនបានបង្ហាញពី ការព្រួយបារម្ភអំពីចំណូលរដ្ឋដែលបានមកពីវិស័យប្រេងកាត រួមនឹងផលប៉ះពីការទាញយក ប្រេងកាតនេះ ទៅលើបរិស្ថានផងដែរ។

ថ្លែងប្រាប់អ្នកសារព័ត៍មាន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា លោកឈាង វុន ថា ច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតដែលរៀបរៀងឡើងដោយរាជរដ្ឋាភិបាលត្រូវ បានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាលើកយកមកពិភាក្សានាព្រឹកថ្ងៃសុក្រនេះយ៉ាងផុល ផុស ព្រោះវាជាច្បាប់មួយដ៏ធំ ដោយយើងបានស្នើឱ្យមានការពិភាក្សាឱ្យបានស៊ីជម្រៅ និង គ្រប់ជ្រុងជ្រោយ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

លោក ឈាង វុន បានបន្តថា សម្រាប់កិច្ចប្រជុំកាលពីព្រឹកមិញនេះសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋ សភាបានបញ្ចេញមតិ យោបល់ខុសៗគ្នា ដោយបានបង្ហាញពីការព្រួយបារម្ភពីបញ្ហានៃ ចំណូលរបស់រដ្ឋដែលបានមកពីវិស័យប្រេងកាត ពីផលប៉ះពាល់នៃការយកប្រេង ដែលនៅលើ សកលលោកយើងនេះមានកើតរឿងធំៗ ជាច្រើនរួចហើយទាក់ទងទៅនឹងរឿងប្រេងកាតនេះ ដែលវាជាបទពិសោធន៍សម្រាប់កម្ពុជា ក្នុងនោះមានប្រទេសមួយចំនួនបូមប្រេងបានហើយ តែ ប្រទេសនោះបែជាកាន់តែក្រដូចជាប្រទេសនីហ្សេរីយ៉ានៅទ្វីបអាហ្វ្រិកជាដើម តែប្រទេសខ្លះ ពេលបូមប្រេងបានហើយនៅតែក្រដដែល ប្រទេសខ្លះបានក្លាយជាប្រទេសអ្នកមានដោយ សារប្រេងកាតនេះ។ល។

ហើយចំពោះការយកប្រេងបានហើយប្រទេសនៅតែក្រី បើតាម លោក ឈាង វុន ថាមូលហេតុមកពីកុងត្រារបស់ម្ចាស់ប្រទេសជាមួយដៃគូ ជាអ្នកបូមប្រេង ជាកុងត្រាមិនសមស្រប មានន័យថា អ្នកបូមបានចំណែកធំជាងប្រទេសជាម្ចាស់ប្រេង ដែល ជាហេតុធ្វើឱ្យប្រទេសនោះនៅតែក្រ។

ជាមួយគ្នានេះគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏
បានពិភាក្សាអំពីបញ្ហាបរិស្ថាននៅជុំវិញការបូមប្រេង រួមនឹងបញ្ហាធនធានមនុស្សក្នុងស្រុក នៅក្នុងវិស័យប្រេងកាតនេះផងដែរ។

សូមជម្រាបជូនថា ៖ ក្រៅពីការពិនិត្យលើសំណើសុំអនុម័តនូវសេច្តីព្រាងច្បាប់ស្តីពី ការ គ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតនេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីព្រឹកមិញក៏បានពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជាជាមួយនឹងរដ្ឋាភិបាលនៃប្រទេសចំនួន៣ រួមមាន បង់ក្លាដេស,អារ៉ាប់អេមីរ៉េត និងតួកគី ស្តីពីការជំរុញ និងការការពារទៅវិញទៅមក នៃវិនិយោគ រួមនិងការពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រម ព្រៀងស្តីពីការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅផងដែរ៕