ខេត្តព្រះសីហនុ ៖ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានសហកាជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានចាប់ឃាត់រថយន្តមួយគ្រឿង ដឹកបង្គាស្រស់ចំនួន ៤៥កេះ មានទម្ងន់ ៩០០គីឡូក្រាម មានសារធាតុគីមីហាមឃាត់ ដែលឈ្មួញនាំចូលពីប្រទេសវៀតណាម ចូលតាមច្រកព្រំដែនកម្ពុជា-វៀតណាម (ច្រកព្រែកចាក)ខេត្តកំពត ចូលមកលក់ចែកចាយ នៅតាមទីផ្សារនានា ក្នុងក្រុង.ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។
លោក នៅ តុន អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានឲ្យដឹងថា មន្ត្រីស្ថាប័នលោកបានសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានចាប់ឃាត់រថយន្តមួយគ្រឿងដែលបានដឹកបង្គាមានសារធាតុគីមីហាមឃាត់ ដែលឈ្មួញនាំចូលពីប្រទេសវៀតណាមយកមកដុតកម្ទេចចោលភ្លាមៗនៅក្នុងបរិវេណសាខាកាំកុងត្រូលខេត្តព្រះសីហនុ។
លោកបន្តថា ទំនិញបង្គាស្រស់ទាំងនោះ បន្ទាប់ពីមន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានធ្វើវិភាគ ពិនិត្យឃើញមានដាក់លាយសារធាតុគីមី ដូចចាហ៊ួយ ត្រូវម្ចាស់ទំនិញដាក់លាយនៅក្នុងបង្គាទាំងនោះ។ ក្នុងនោះ មន្ត្រីជំនាញ ក៏បានតម្រូវឲ្យម្ចាស់រថយន្តដឹកបង្គា និងជាតំណាងឲ្យម្ចាស់ទំនិញ ធ្វើកិច្ចសន្យាបញ្ឈប់នាំចូលបង្គា មានសារធាតុគីមីទាំងនោះ នាថ្ងៃខាងមុខទៀត។ ផ្តើមពីបញ្ហានេះ លោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ផ្នែកពាក់ព័ន្ធ ជាពិសេសក្រុមអាជីវករ ត្រូវចូលរួមសហការ និងបញ្ឈប់ការនាំចូល ឬដាក់លក់ទំនិញ បន្លែ ត្រីសាច់ ព្រមទាំងទំនិញផ្សេងៗទៀត ដែលមានដាក់សារធាតុគីមីហាមឃាត់ នាំឲ្យប៉ះពាល់ដល់សុខភាពមនុស្សទៀតនោះទេ។
លោកបន្តថា ការនាំចូល ឬការទទួលលក់ទំនិញ និងចំណីអាហារខូចគុណភាព ឬមានលាយសារធាតុគីមី ដើម្បីឲ្យអាហារស្រស់ រក្សាទុកលក់បានយូរ គឺជាអំពើខុសច្បាប់ អ្នកជាប់ពាក់ព័ន្ធសកម្មភាពខាងលើបើមន្ត្រីជំនាញរកឃើញមានកំហុសឆ្គងយ៉ាងធ្ងន់ធ្ងរនឹងត្រូវប្រឈមមុខការផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕