ក្រុងប៉េកាំង ៖ លេខាបក្សកុម្មុយនីស្តចិន បានបញ្ជាក់ជូនសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ថា ចិនបានធ្វើការសិក្សាពីផលប៉ះពាល់នៃការដក EBA របស់សហភាពអឺរ៉ុបពីកម្ពុជា តែមិនមានការប៉ះពាល់ធ្ងន់ធ្ងរទេ ហើយចិននឹងរិះរកវិធីផ្សេងៗដើម្បីជួយដល់កម្ពុជា។
លោក វ៉ាន់ ហូនីង សមាជិកគណៈអចិន្ត្រៃយ៍ នៃការរិយាល័យនយោបាយ និងជាលេខាធិការនៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិន បានគូសបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាទៅលើការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី២៧ ខែមេសា នេះ នៅទីក្រុងប៉េកាំង។
លោក វ៉ាន់ ហូនីង បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន គឺជាមិត្តដែកថែបរបស់ប្រទេសចិន និងប្រជាពលរដ្ឋចិន ដែលតែងតែយកចិត្តទុកដាក់ចំពោះផលប្រយោជន៍ស្នូលនៃប្រទេសចិន និងកម្ពុជា។ ចិនសន្យាជួយកម្ពុជា និងធ្វើការសិក្សាពីផលប៉ះពាល់នៃការដក EBA របស់សហភាពអឺរ៉ុបពីកម្ពុជា តែមិនមានការប៉ះពាល់ធ្ងន់ធ្ងរទេ ហើយចិននឹងរិះរកវិធីផ្សេងៗជួយដល់កម្ពុជា។
ពាក់ព័ន្ធរោងចក្ររបស់ចិនប្រមាណ៧០០នៅកម្ពុជា ឯកឧត្តម វ៉ាន់ ហូនីង បានបញ្ជាក់ថា ចិននឹងស្វែងយល់ និងរិះរកវិធីឱ្យរោងចក្រទាំងនោះបន្តមានវត្តមាននៅកម្ពុជា និងអាចផ្គត់ប្រជែងនៅលើទីផ្សារអន្តរជាតិ។
សម្តេចតេជោ បានថ្លែងថា ដោយសារបច្ចុប្បន្នក្រុមហ៊ុនចិន ដែលកំពុងមានវត្តមាននៅកម្ពុជា មានរោងចក្រជាង៧០០ ក្នុងចំណោមជាង១ពាន់រោងចក្រ ដែលជាក្រុមហ៊ុនរបស់ចិន ហើយការដែលក្រុមហ៊ុនចិនបន្តធ្វើពាណិជ្ជកម្មនៅកម្ពុជានេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរ៕