ក្រុមហ៊ុនចិនដែលវិនិយោគវិស័យអគ្គិសនីនៅកម្ពុជាស្នើបន្តគម្រោងវារីអគ្គិសនីបន្ថែម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 April, 2019 ក+ ក-

ក្រុងប៉េកាំង ៖ នាព្រឹកថ្ងៃទី២៨ ខែមេសា នេះ សម្តេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនគ្រឿងចក្រធុនធ្ងន់ជាតិរបស់ប្រទេសចិន នៅរដ្ឋធានីប៉េកាំង ដែលជាក្រុមហ៊ុនមួយបាន និងកំពុងធ្វើការវិនិយោគលើវិស័យអគ្គិសនីនៅកម្ពុជា គិតត្រឹមពេលនេះ មាន ចំនួន ១២គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណជាង ៥៤០លានដុល្លារអាមេរិក។

តំណាងក្រុមហ៊ុនគ្រឿងចក្រធុនធ្ងន់ជាតិរបស់ប្រទេសចិន បានជំរាបសម្តេចតេជោថា ក្រុមហ៊ុនរបស់គាត់បានចូលទៅដាក់ទុនវិនិយោគនៅក្នុងប្រទេ សកម្ពុជាតាំងពីឆ្នាំ ២០០៧ មកម្ល៉េះ ហើយក៏បានសហការជាមួយនឹងអគ្គិសនីកម្ពុជាដែលហៅកាត់ថាEDC។ មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនមានគម្រោងរហូតទៅដល់ ១២គម្រោង និងបានដាក់ទុនជាច្រើនក្នុងការកសាងវារីអគ្គិសនីដែលមានទំហំទឹកប្រាក់រហូតទៅដល់៥៤០លានដុល្លារសហរដ្ឋអាមេរិក ក្នុងការខិតខំសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាធ្វើឲ្យអគ្គិសនីនៅក្នុងប្រទេសកម្ពុជាបានប្រើប្រាស់។

ខាងក្រុមហ៊ុនភាគីចិនក៏បានរាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរថា ការធ្វើពាណិជ្ជកម្មរបស់គាត់ លើផ្នែកអគ្គិសនីនេះគឺបានរលូននៅក្នុងប្រទេសកម្ពុជា ដោយសារមានការគាំទ្រចំពោះក្រុមហ៊ុនដែលទៅវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ភាគីក្រុមហ៊ុនចិនក៏បានស្នើសម្ដេចតេជោនាយករដ្ឋមន្ត្រី អោយជួយបន្តការគាំទ្រ ក្រុមហ៊ុនរបស់លោកជាបន្តទៀតទៅលើផ្នែកអគ្គិសនីនៅតំបន់ផ្សេងៗទៀត។ លោកថា ក្រុមហ៊ុនរបស់គាត់ បានសហការជាមួយស្ថាប័នរដ្ឋក្រសួងរ៉ែនិងថាមពល និងអគ្គីសនីកម្ពុជា ដោយសង្ឃឹមថានឹងទទួលបានការគាំទ្រពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការបន្តផលិតថាមពលអគ្គិសនីក្នុងគម្រោងថ្មីៗជាបន្តទៀត៕