ភ្នំពេញ ៖ ក្នុងរយៈពេលជាង១ទសវត្សរ៍កន្លងទៅនេះ វិស័យអចលនទ្រព្យត្រូវបានគេសម្លឹងមើលឃើញថា មានការរីកលូតលាស់គួរអោយកត់សម្គាល់ សំណង់អគារខ្ពស់ៗនិងលំនៅឋានបានរីកដុះដាលកាន់តែខ្លាំង ទាំងនៅទីក្រុង ទីប្រជុំជន និងបណ្តាលខេត្តនានា ទូទាំងប្រទេស ដែលបានបង្ហាញថា វិស័យនេះ បាននិងកំពុងឈរជើងយ៉ាងរឹងមាំ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់ប្រទេស។
ប៉ុន្តែការអភិវឌ្ឍន៍វិស័យអចលនទ្រព្យត្រូវបានគេមើលឃើទៀតថា អ្នកអភិវឌ្ឍមានទិសដៅផ្សេងគ្នានិងច្បាស់លាស់ ដោយអ្នកវិនិយោគក្នុង;ស្រុកភាគច្រើន អភិវឌ្ឍន៍អចលនទ្រព្យ សំដៅលើអ្នកមាន ចំណូលទាប និង មធ្យម ចំណែកឯវិនិយោគិនមកពីខាងក្រៅប្រទេស ពួកគេ គឺសំដៅទៅលើតែអ្នកមានចំណូលខ្ពស់តែប៉ុណ្ណោះ។
នៅក្នុងពិធីសម្ពោធពិព័រណ៍លំនៅឋានឆ្នាំ២០១៩ ដែលបានធ្វើកាលពីចុងសប្តាហ៍កន្លងទៅនៅសាលកោះពេជ្រ ក្រុមអ្នកវិនិយោគលើវិស័យនេះ បានលើកឡើងស្រដៀងៗគ្នាថា វិស័យអចលនទ្រព្យកម្ពុជា នាពេលបច្ចុប្បន្ន កំពុងឈានដល់ដំណាក់កាលថ្មីមួយ ដោយបានផ្លាស់ប្តូរពីភាពស្ងប់ស្ងាត់ទៅជាភាពមមាញឹក ក្នុងការវិនិយោគពីសំណាក់វិនិយោគិន ក្នុងនិងក្រៅប្រទេស ។ សម្រាប់វិនិយោគិននៅក្នុងស្រុក បានដាក់គោលដៅរបស់ខ្លួនដោយស្វែងរកអតិថិជននៅក្នុងស្រុក ដោយបង្ហាញពីភាពប្រកួតប្រជែង ការផ្តល់ទំនុកចិត្ត គុណភាព សុវត្តិភាព សោភណ្ឌភាព និងមានការលើកទឹកចិត្ត ដល់អតិថិជនរបស់ខ្លួនទៀតផង។
ទាក់ទិននឹងការរីកលូតលាស់លើវិស័យនេះ សមាគមភ្នាក់ងារវាយតម្លៃ និងអចលនវត្ថុកម្ពុជា បានលើកឡើងថា វិស័យអលចនវត្ថុបានដើរតួនាទីសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ វិស័យអចលទ្រព្យនៅក្នុងរាជធានីភ្នំពេញ មានការរីកចម្រើនខ្លាំងជាងគេ ដោយមានផ្នែកសំខាន់ៗចំនួនបី ដូចជាការអភិវឌ្ឍន៍លំនៅឋាន ការអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ដីទំនេរ សម្រាប់ទាក់ទាញវិនិយោគពីក្នុងនិងក្រៅប្រទេស ក្នុងការបណ្ដាក់ទុនវិនិយោគ៕