ភ្នំពេញ ៖ ឋានន្តរស័ក្តិមន្ត្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃមួយចំនួន បានស្ថិតក្នុងបញ្ជីធ្វើកំណែទម្រង់ស៊ីជម្រៅ ក្នុងជួរនគរបាលជាតិ ដោយបញ្ចុះស័ក្តិស្នងការនគរបាលរាជធានី-ខេត្ត មកនៅត្រឹមស័ក្តិ ៥ វិញ ខណៈឋានន្តរស័ក្តិបច្ចុប្បន្ននៃស្នងការនគរបាលរាជធានី-ខេត្ត ពាក់ផ្កាយ១ ឬផ្កាយ២ ចំណែកមន្ត្រីពាក់ផ្កាយ ៤ ត្រូវបានរក្សាទុកចំពោះតែរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិប៉ុណ្ណោះ។
នេះបើយោងតាមគេហទំព័រ របស់លោក វឌ្ឍនា សារពង្ស ទេសរដ្ឋមន្រ្តី និងជាសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់។
យោងតាមឯកសារបែកធ្លាយ ស្ដីពីការបង្ហាញលំដាប់ឋានន្តរស័ក្តិ ផ្នែកនគរបាល និងក្របខណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រសួងមហាផ្ទៃ បានកែទម្រង់ ដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ រក្សាទុកឋានៈជានាយឧត្តមសេនីយ៍ ផ្កាយ៤ រីឯអនុរដ្ឋលេខាធិការ និងអគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ជាឧត្តមសេនីយ៍ឯក និងឧត្តមអគ្គានុរក្ស ថ្នាក់លេខ១ ដែលមានផ្កាយ៣។ រីឯអគ្គនាយករង នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ជាឧត្តមសេនីយ៍ទោ និងឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ ផ្កាយ២។ រីឯប្រធាននាយកដ្ឋានកណ្តាលទទួលផែននៃអគ្គស្នងការ គឺជាឧត្តមសេនីយ៍ទោ ផ្កាយ ២។
ចំណែក ប្រធាននាយកដ្ឋានចំណុះអគ្គស្នងការ ឬអគ្គនាយកដ្ឋាន ជាឧត្តមសេនីយ៍ត្រី ឬឧត្តមអគ្គានុរក្ស ថ្នាក់លេខ៣ ផ្កាយ១។ អនុបប្រធាននាយកដ្ឋានកណ្តាល ទទួលផែន នៃអគ្គស្នងការ អនុប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋាន ស្នងការនគរបាលរាជធានីខេត្ត គឺជាវរសេនីយ៍ឯក ត្រឹមតែស័ក្តិ ៥ប៉ុណ្ណោះ។ រីឯ អនុប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ប្រធានមណ្ឌលអប់រំកែប្រែ/ ប្រធានពន្ធនាគាររាជធានីខេត្ត ជាវរអគ្គានុរក្ស ថ្នាក់លេខ ស័ក្តិ៥។
ឯកសារដដែល បង្ហាញដែរថា ប្រធានការិយាល័យថ្នាក់កណ្តាល ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីខេត្ត និងប្រធានការិយាល័យកណ្តាលទទួលផែន ជាវរសេនីយ៍ទោ ស័ក្តិ ៤កន្លះ។ ក្នុងនោះ ប្រធានការិយាល័យកណ្តាល និងអនុប្រធានមណ្ឌលអប់រំកែប្រែ / អនុប្រធានពន្ធនាគាររាជធានី ខេត្ត ជាវរៈអគ្គានុរក្សថ្នាក់លេខ២ ឬស័ក្តិ ៤កន្លះ។ រីឯអនុប្រធានការិយាល័យថ្នាក់កណ្តាល អនុប្រធានការិយាល័យកណ្តាល ទទួលផែន និងប្រធានការិយា ល័យនៃស្នងការដ្ឋាន នគរបាលរាជធានីខេត្ត គឺជាវរសេនីយ៍ត្រី សក្តិ៤។ រីឯអនុប្រធានការិយា ល័យថ្នាក់កណ្តាល និងប្រធានការិយាល័យនៃមណ្ឌលអប់រំ និងពន្ធនាគាររាជធានីខេត្ត គឺជាវរអគ្គានុរក្ស ថ្នាក់លេខ៣ សក្តិ៤។
ចំណែក ប្រធានផ្នែកថ្នាក់កណ្តាល អធិការនគរបាលខណ្ឌ/ស្រុក និងអនុប្រធានការិយាល័យ នៃស្នងការដ្ឋាននគរបាលរាជធានីខេត្ត គឺជាអនុសេនីយ៍ឯក សក្តិ៣។ ប្រធានផ្នែកថ្នាក់កណ្តាល និងអនុប្រធានការិយាល័យ នៃមណ្ឌលអប់រំកែប្រែ/ ពន្ធនាគាររាជធានីខេត្ត គឺជាអគ្គានុរក្ស ថ្នាក់លេខ១ សក្តិ៣។
ដោយឡែក អនុប្រធានផ្នែកថ្នាក់កណ្តាល ប្រធានផ្នែកនៃស្នងការនគរបាលរាជធានីខេត្ត និងអធិការរងនគរបាលខណ្ឌស្រុក ជាអនុសេនីយ៍ទោ ស័ក្តិ២។ អនុប្រធានផ្នែកថ្នាក់កណ្តាល និងប្រធានផ្នែក នៃមណ្ឌលអប់រំកែប្រែ / ពន្ធនាគាររាជធានីខេត្ត ជាអគ្គានុរក្សថ្នាក់លេខ២ សក្តិ២។ រីឯអនុប្រធានផ្នែក នៃស្នងការនគរបាលរាជធានីខេត្ត និងប្រធានប៉ុស្តិ៍រដ្ឋបាល ជាអនុសេនីយ៍ត្រី សក្តិ១។ ក្នុងនោះ អនុប្រធានផ្នែក នៃមណ្ឌលអប់រំកែប្រែ / ពន្ធនាគាររាជធានីខេត្ត អគ្គានុរក្សថ្នាក់លេខ៣ ស័ក្តិ១។ ដោយឡែកអនុប្រធានប៉ុស្តិ៍រដ្ឋបាល ជាព្រិន្ទបាលឯក។ មន្ត្រីនគរបាល ជាព្រឹន្ទបាលទោ ពលបាលឯក ពលបាលទោ ពលបាលត្រី។ រីឯអនុរក្សពន្ធនាគារ ជាអគ្គានុរក្សថ្នាក់លេខ៤ អនុរក្សថ្នាក់លេខ១ អនុរក្សថ្នាក់លេខ២ អនុរក្សថ្នាក់លេខ៣។
គួរបញ្ជាក់ថា ការធ្វើកំណែទម្រង់ឋានន្តរស័ក្តិរបស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃនាពេលនេះ បានធ្វើឡើងក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ណែនាំផ្ទាល់មាត់ជូន សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ឲ្យបញ្ចុះស័ក្តិក្នុងជួរទាហាន និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យកាត់បន្ថយផ្កាយ ក្នុងជួរនគរបាល។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានថ្លែងថា គម្រោងរបស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងមានគោលបំណងចំនួន៣ គឺទី១ ដើម្បីធ្វើអភិបាលកិច្ចល្អក្នុងការបំពេញការងាររបស់ក្រសួងទាំងពីរ ប្រកបដោយប្រសិទ្ធ និង ភាពទទួលខុសត្រូវ ទី២ រដ្ឋាភិបាលមើលឃើញថា ឋានន្តរស័ក្តិបច្ចុប្បន្នវាកើនខ្ពស់ពេក ធ្វើឱ្យគោលដៅបទបញ្ជាមានភាពច្របូកច្របល់ និងទី៣ ឋានន្តរស័ក្តិមន្ត្រីកម្ពុជាខ្ពស់ដែលមិនសមនឹងជជែកជាមួយមន្ត្រីពីបរទេសដែលមានឋានទាបជាង៕