ភ្នំពេញ ៖ អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធមនុស្សនៅកម្ពុជា លោក ស្រី រ៉ូណា ស្មីត បានទទួលស្គាល់ថា ការធ្វើជំរឿនប្រជាជនឆ្នាំ២០១៩ មន្រ្តីជំរឿនបានចុះទៅដល់ភូមិឋានប្រជាជន នៅក្នុងតំបន់ចុងកាត់មាត់ញក គ្រប់ទីកន្លែងទូទាំងប្រទេស។ ការទទួលស្គាល់នេះបន្ទាប់ពីលោកស្រី និងក្រុមការងារ បានចុះទៅសាកសួរប្រជាជន នៅតាមតំបន់ចុងកាត់មាត់ញក និងប្រជាជនដែលផ្លាស់ប្តូទីលំនៅដ្ឋានជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា។
អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធមនុស្សនៅកម្ពុជា បានលើកឡើងពីការទទួលស្គាល់នេះ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយ ឯកឧត្តម សេដ្ឋបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩នេះនៅទីស្តីការក្រសួង។
ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកផែនការ នៃក្រសួងផែនការ បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួននេះថា ជំនួប រវាង ឯកឧត្តម រដ្ឋមន្រ្តី និងលោកស្រី រ៉ូណា ស្មីត នាថ្ងៃនេះ ក្នុងគោលបំណងចង់ដឹងពីលទ្ធផលមួយចំនួនដែលក្រសួងបានជម្រាបជូនកាលពីបេសកកម្មទី១កាលពីឆ្នាំមុន ដែលទាក់ទងនឹងការធ្វើមូលដ្ឋាននីយកម្ម គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ក៏ដូចជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើការរាយការណ៍ដោយស្ម័គ្រចិត្ត ពីរបាយការណ៍វាយតម្លៃថ្នាក់ជាតិ ដោយស្ម័គ្រចិត្ត នៃការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដែលរដ្ឋាភិបាលកម្ពុជានឹងត្រូវធ្វើការផ្សព្វផ្សាយនឹងបង្ហាញនូវអង្គការសហប្រជាជាតិ នៅក្នុងវេទិការនយោបាយកម្រិតខ្ពស់ នៅទីក្រុងញូយ៉ក ពីថ្ងៃទី៩ដល់ថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ។
ដោយឡែកទាក់ទងទៅនិងរបាយការវាយតម្លៃពីថ្នាក់ជាតិ ដោយស្ម័គ្រចិត្ត(VNA)ឯកឧត្តម ថេង បញ្ញាធន បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៩នេះ បានដំណើរការរៀបចំតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ពិសេសមានការចូលរួមពីគ្រប់ភាគី និងអង្គការសង្គមស៊ីវិលជាច្រើន ដែលពុំធ្លាប់បានអញ្ជើញពីមុនមកនោះឡើយ។
យ៉ាងណាឯកឧត្តមថា លោកស្រី រ៉ូណា ស្មីត បញ្ជាក់ថា នឹងមានបេសកកម្មរបស់គាត់របៀបនេះ ជាមួយក្រសួងផែនការជានបន្តទៀត ដែលទាក់ទិននឹងលទ្ធផល ដែលរាជរដ្ឋាភិបាលកម្ពុជា នឹងបង្ហាញនៅទីក្រុងញ៉ូយ៉កនាពេលខាងមុខនេះ៕