អង្ករកម្ពុជាចំនួន៦គំរូ ត្រូវបាននាំយកទៅចូលរួមប្រកួតអង្កររស់ជាតិឆ្ងាញ់នៅក្នុងទីក្រុង ហុងកុង ។ ការចូលរួមរបស់កម្ពុជាទៅក្នុងការប្រកួតជាលក្ខណៈអន្តរជាតិនេះ ត្រូវបានឧបត្ថម្ភដោយស្ថាប័ន IFC របស់ធនាគារពិភពលោក និងភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ AFD ហើយត្រូវដឹកនាំដោយសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា។
អង្ករទាំង៦គំរូដែលកម្ពុជានាំចេញទៅប្រកួតនេះ ជាលទ្ធផលនៃការប្រឡងជម្រុះក្នុងក្របខណ្ឌក្នុងប្រទេស ដែលមានការចូលរួមពីក្រុមហ៊ុនផ្សេងជាច្រើន។ លក្ខខណ្ឌនៃការប្រកួតនោះ មានរួមបញ្ចូលទាំងការប្រកួតផ្នែករូបសម្បត្តិនៃអង្ករ ការភ្លក់រសជាតិបាយជាដើម។
អង្ករក្រអូបរបស់កម្ពុជាបានឈ្នះលេខ១ម្តងទៀតហើយក្នុងការប្រកួតអង្ករដែលមានរសជាតិឆ្ងាញ់ជាងគេនៅលើពិភពលោកដែលបានបើកធ្វើនៅឯទីក្រុងហុងកុង។ នេះជាលើកទី២ ហើយដែលអង្ករកម្ពុជាទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងអង្ករដែលមានរសជាតិឆ្ងាញ់ជាងគេក្នុងពិភពលោក។ អង្ករដែលជាប់ចំណាត់ថ្នាក់ល្អដាច់គេក្នុងពិភពលោកនេះមានឈ្មោះថាអង្ករផ្កាម្លិះឬរំដួល។
អង្ករផ្លាម្លិះឬហៅម្យ៉ាងទៀតថារំដួលរបស់កម្ពុជាត្រូវបានគេជ្រើសរើសជាអង្ករដែលមានរសជាតិឆ្ងាញ់ជាងគេម្តងទៀតនៅក្នុងការប្រកួតប្រជែងលំដាប់ពិភពលោកនៅឯទីក្រុងហុងកុង។ បន្ទាប់ពីបានភ្លក់រសជាតិបាយដែលដាំចេញពីអង្ករផ្កាម្លិះកម្ពុជារួចមកគណៈកម្មការវាយតម្លៃបានជ្រើសរើសយកអង្ករកម្ពុជាក្នុងការទទួលបានពានរង្វាន់ អង្ករដែលល្អផ្តាច់គេក្នុងពិភពលោកប្រចាំឆ្នាំ ២០១៣ ឬហៅជាភាសាអង់គ្លេសថា Worl Best Rice 2013 ។
លោកគឹម សាវុធ ប្រធានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា បានថ្លែងប្រាប់វិទ្យុបារាំង អន្តរជាតិថា នេះគឺជាមោទនភាពខ្លាំងណាស់របស់ប្រទេសកម្ពុជា ហើយចំណាត់ថ្នាក់នេះក៏ជាការផ្តល់ទំនុកចិត្តដល់អតិថិជនអង្ករកម្ពុជាថែមទៀតផងដែរ។ នេះជាលើកទី២ហើយដែលអង្ករក្រអូបកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតរសជាតិឆ្ងាញ់លំដាប់អន្តរជាតិ។ កាលពីឆ្នាំ២០១២ កន្លងទៅ អង្ករកម្ពុជាដដែលនេះក៏ទទួលបានជ័យលាភីលេខ១ដែរក្នុងការប្រកួតនៅឯកោះបាលី ប្រទេសឥណ្ឌូនេស៊ី៕