ខេត្តក្រចេះ ៖ កោះព្រហ្មចារី គឺជាកោះមួយមានទំហំផ្ទៃធំគួរសម កោះនេះ មានទីតាំងនៅកណ្តាលដងទន្លមេគង្គ ក្នុងខេត្តក្រចេះ នៅត្រើយម្ខាងក្នុងភូមិសាស្រ្តឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ទោះបីជាកោះនេះ ត្រូវបានមន្ទីរទេសចរណ៍ខេត្តក្រចេះ ចាត់ទុកថា ជាតំបន់ទេសចរណ៍ មួយក្នុងចំណោមតំបន់ទេសចរណ៍ជាច្រើននៅក្នុងខេត្ត តែកោះនេះ មិនសូវមានភ្ញៀវទេសចរ ចូលទៅលេងកម្សាន្តដូចតំបន់ទេសចរណ៍អន្លង់ផ្សោតកាំពី តំបន់ទេសចរណ៍ទឹកជួរកាំពី និងតំបន់ទេសចរណ៍វត្តសរសរ១០០ នោះទេ ដោយសារតែកោះនេះ នៅត្រើយម្ខាងទន្លេរបស់ខេត្តក្រចេះ ដែលស្ថិតទល់មុខឈាងខាងជើងតំបន់អន្លង់ផ្សោត និងទឹកជួរទន្លេមេគង្គកាំពី។
កោះព្រហ្មចារី នេះ ត្រូវបានប្រធានមន្ទីរសទេសចរណ៍ខេត្តក្រចេះ មានគំរោងរៀបចំចងក្រងជាសហគមន៍ទេចរណ៍ថ្មីមួយ មានឈ្មោះថា “សហគមន៍ទេសចរណ៍កោះព្រហ្មចារី” ។
ការផ្តល់ឈ្មោះនេះ ក៏ព្រោះតែចង់ កែប្រែតំបន់កោះទាំងនោះឱ្យមានការចាប់អារម្មណ៍ និងក្លាយជាតំបន់អេកូទេសចរណ៍ធម្មជាតិដ៍ល្បីឈ្មោះមួយថ្មីទៀត សម្រាប់ខេត្តក្រចេះ។
ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ លោក ជួប រតនា បានថ្លែងឱ្យដឹងនៅថ្ងៃទី៨ ខែឧសភា នេះថា គំរោងការបង្កើតសហគមន៍ខាងលើនេះ នឹងត្រូវធ្វើឡើងនៅរដូវស្សាខាងមុខ។លោកថា មន្ទីរទេសចរណ៍បានរៀបចំផែនការយ៉ាងច្បាស់លាស់មួយដើម្បីចងក្រងសហគមន៍នេះឡើងក្រោមកម្មវិធីមួយចំនួន ដូចជា ការបង្រៀនពលរដ្ឋឱ្យចេះរៀបចំលក់ដូរចំណីអារហារបែបធម្មជាតិ មានអនាម័យល្អ សម្រាប់បម្រើរសេវាកម្មទេចរណ៍ឲ្យទទួលបានការគាំទ្រ ការរៀបចំសហគមន៍ឲ្យមានទូកដរចម្លងសម្រាប់ដឹកជញ្ជូនភ្ញៀវ ពិសេសនោះ គឺការ កំណត់ទីតាំងត្រឹមត្រូវពីសំណាក់អាជ្ញាធរសម្រាប់ភ្ញៀវលេងទឹក លំហែរកាយដោយមិនបារម្ភពីសុវត្ថិភាព និងការស្នាក់នៅប្រកបដោយផាសុកភាព។
លោកបានបន្តថា កោះព្រហ្មចារី មានអំណោយផលល្អយ៉ាងខ្លាំងណាស់លើសក្តានុពលអេកូទេសចរណ៍ ក្នុងដងទន្លេមេគង្គ។ សូមជម្រាបថា កន្លងមក កោះនេះ មិនសូវទទួលបានភ្ញៀវទេចរទៅលេងលំហែរ ច្រើននោះទេ ដោយសារតែខ្វះមធ្យាបាយជិះឆ្លង និងការបារម្ភពីសុវត្ថិភាព។
កោះព្រហ្មចារីនេះ ត្រូវបានគេនិយាយថា មានឈ្មោះល្បីពីសោភណ្ឌភាពស្រស់ស្អាត បែបធម្មជាតិជាយូរណាស់មកហើយ តែមិនមានអ្នកទៅដល់នោះទេ។ ជាមួយគ្នានេះដែរ ពលរដ្ឋរស់នៅក្នុងមូលដ្ឋានតំបន់ជាប់កោះនេះ សព្វថ្ងៃក៏មិនទទួលបានចំណូលពីវិស័យទេសចរណ៍ពីកោះ មួយនេះដែរ។ ចូច្នេះ ពួកគាត់ដែលរស់នៅតំបន់នោះ បានងាកទៅចាប់យកមុខរបរនេសាទ និងការចូលរុករកអនុផលព្រៃឈើ ឬបរបាញ់សត្វ ក៏ដូចជាការចូលព្រៃកាប់ឈើលក់ ទៅតាមទម្លាប់ដូនតាសម្រាប់ការរស់នៅប្រចាំថ្ងៃ ៕ ដោយ ៖ ផល្លា