ខេត្តព្រៃវែង ៖ ស្ត្រីវ័យ ២៦ឆ្នាំម្នាក់ ត្រូវបានឃាតកមិនស្គាល់មុខដែលទំនងជាប្រុសស្នេហ៍ បានរឹត ក សម្លាប់យ៉ាងព្រៃផ្សៃ រួចដោះយកគ្រឿងអលង្ការដែលជនរងគ្រោះពាក់ជាប់នឹងខ្លួនជិត ២តម្លឹង និងលុយប្រមាណ ៦០០ដុល្លារ បង្កអោយមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅបន្ទប់ផ្ទះសំណាក់រំចង់ ស្ថិតក្នុងភូមិ៥ឃុំព្រែកខ្សាយ”ខ” ស្រុកពាមរក៍ ខេត្តព្រៃវែង។
ស្ត្រីរងគ្រោះឈ្មោះ ផែ ស្រីម៉ាក់ អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ បើតាមប្រភពព៌តមាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ គេឃើញមនុស្សប្រុសមិនស្គាល់អត្តសញ្ញាណម្នាក់ និងនារីរងគ្រោះ បានមកជួលបន្ទប់មួយរបស់ផ្ទះសំណាក់រំចង់ នេះ។លុះពេលចូលទៅបានមួយសន្ទុះធំ គេឃើញខាងប្រុសចេញមកមុន បាត់ខាងស្រីមិនឃើញចេញមកទេ។
រហូតដល់វេលាម៉ោងប្រហែលជាង ៣រសៀលថ្ងៃដដែល ដោយមានការសង្ស័យ ម្ចាស់ផ្ទះសំណាក់ក៍ដើរទៅរុញទ្វារបន្ទប់មើលស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែបាត់ទៅហើយ ក៍បង្កអោយមានការភ្ញាក់ផ្អើល និងរាយការណ៍ករណីនេះទៅដល់សមត្ថកិច្ចតែម្តង។
ក្រោយទទួលបានព៌តមាននេះភ្លាម កម្លាំងនគរបាលជំនាញខេត្ត សហការជាមួយនគរបាលស្រុក ឃុំចុះមកពិនិត្យ និងធ្វើកោសល្យវិច្ច័យឃើញថា នារីរងគ្រោះ គឺស្លាប់ដោយសារករណីឃាតកម្ម ដែលឃាតកមិនស្គាល់អត្តសញ្ញាណ បានរឹតកនឹងខ្សែកាបូបដែលជនរងគ្រោះស្ពាយជាប់នឹងខ្លួនរហូតដល់ស្លាប់។បន្ទាប់ធ្វើកោសល្យវិច្ច័យរួចសមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅលំនៅឋាន។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានលើកឡើងថា ស្ត្រីរងគ្រោះ និងឃាតក ទំនងជាមនុស្សធ្លាប់ស្គាល់គ្នាពីមុនមក ទើបបានជាស្ត្រីរងគ្រោះទុកចិត្ត ហើយហ៊ានចូលផ្ទះសំណាក់ជាមួយគ្នា ខណៈខ្លួនជាស្ត្រីមានប្តី និងមានកូនពីរនាក់បែបនេះទេ។
បើតាមស្ត្រីត្រូវជាម្តាយរបស់ជនរងគ្រោះបានរៀបរាប់ប្រាប់ កាលពីរសៀលថ្ងៃទី៨ ខែឧសភាឆ្នាំ២០១៩ ទាំងអួលដើម ក ថា កូនស្រីរបស់គាត់(ជនរងគ្រោះ) មានប្តីជាមន្ត្រីប៉េអឹម មានកូនតូចៗចំនួន ២នាក់ ប្រុសម្នាក់ ស្រីម្នាក់។ សព្វថ្ងៃទាំង ២នាក់ប្តីប្រពន្ធ ធ្វើការងារនៅជាមួយគយចល័តក្បែរផ្ទះរបស់ខ្លួន ដោយប្រពន្ធជាចុងភៅ។ ស្ត្រីជាម្តាយបន្តថា ជារៀងរាល់ថ្ងៃ ប្តីប្រពន្ធទាំង២នាក់ តែងតែឌុបគ្នាជូនកូនទៅសាលារៀន និងទៅទិញម្ហូបនៅផ្សារមិនដែលខាន។ តែនៅថ្ងៃទី៨ ខែឧសភា នោះ ប្តីនាងជាប់រវល់ការងារនៅកន្លែងធ្វើការ មិនបានជូនប្រពន្ធទៅទេ ដោយជនរងគ្រោះជិះម៉ូតូស៊េរីឆ្នាំ២០១៩ ទៅយកបាយអោយកូន និងទិញម្ហូបម្នាក់ឯង ដោយមានពាក់មាសជាប់នៅនឹងខ្លួនសរុប ១តម្លឹង ៨ជី និងក្រវិលប្លាកទីន ១គូ ព្រមទាំងលុយប្រាក់ខែប្តីប្រហែល ៦០០ដុល្លារទៀត។
ស្ត្រីជាម្តាយបន្តថា ស្រាប់តែបាត់កូន (ជនរងគ្រោះ)យូរមិនឃើញត្រលប់មកផ្ទះវិញសោះ រហូតដល់ម៉ោងប្រហែល ៤ល្ងាច ថ្ងៃទី៨ ខែឧសភា ដដែល ទើបមានគេទូរស័ព្ទប្រាប់គាត់ថា កូនរបស់គាត់ត្រូវគេសម្លាប់នៅក្នុងផ្ទះសំណាក់ ធ្វើអោយរូបគាត់មិនចង់ជឿសោះ។
ទោះយ៉ាងណាគ្រួសារជនរងគ្រោះ សូមសំណូមពរអោយសមត្ថកិច្ចគ្រប់ស្ថាប័ន មេត្តាជួយស្រាវជ្រាវវែករកមុខឃាតកសម្លាប់កូនស្រី យកមកផ្តន្ទាទោសអោយបានឆាប់ៗផង៕