ខ្យល់កន្ត្រាក់រលំអគាររោងចក្រសង្កត់មនុស្ស៣នាក់ខូចរថយន្ត២គ្រឿង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 May, 2019 ក+ ក-

ភ្នំពេញ ៖ ភ្លៀង១មេលាយឡំនឹងខ្យល់កន្ត្រាក់ផងបានបណ្ដាលឲ្យប៉ើងរលំអគាររោងចក្រមួយ កន្លែង ដែលកំពុងសាងសង់សង្កត់លើមនុស្ស៣នាក់បណ្ដាលឲ្យរងរបួសធ្ងន់២នាក់និងស្រាល ម្នាក់ ព្រមទាំងសង្កត់ចំរថយន្ត២គ្រឿង និងម៉ូតូ១គ្រឿង រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ កើតឡើងនៅម៉ោង១និង៤០នាទី រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង ៥០ ម៉ែត្រ ស្ថិតនៅក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា អគាររោងចក្រដែលដួលរលំរាបដល់ដីសង្កត់មនុស្ស និងរថយន្ត ខាងលើនេះមានទំហំ ២,៩៧០ ម៉ែត្រការេ ក្នុងនោះទទឹងប្រវែង៣៣ម៉ែត្រ និងបណ្ដាយប្រវែង ៩០ ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះ អ៉ឹង ប៊ុនប៉េង។

ចំណែកអ្នករងគ្រោះទាំង៣នាក់នោះមានទី១ឈ្មោះ អេង ធី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ទី២ឈ្មោះ យូរ ផុត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកម្មករ សំណង់និងទី៣មិនទាន់ស្គាល់អត្ដសញ្ញាណនោះទេ ហើយជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនតាមរថយន្តសាមុយរបស់មន្ទីរពេទ្យសួគ៌ា និងមន្ទីរពេទ្យរុស្សុី។

ដោយឡែករថយន្ត ដែលត្រូវរងការខូចខាតដែរនោះមានម៉ាកធុនត្រា១គ្រឿងក្រឡាប់បះជើងនិងរថយន្តស្ទូចដឹកដែក១គ្រឿងព្រមទាំងម៉ូតូ១គ្រឿងផងដែរ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុខណៈដែលកម្មករសំណង់ឈប់សម្រាកហូបបាយមិនទាប់បានចូលធ្វើការវិញផងមេឃបានចាប់ផ្ដើមងងឹត ពេលនោះមានតែកម្មករ៣នាក់ ប៉ុណ្ណោះស្ថិតនៅក្នុងអគារខាងលើ ក្រៅ ពីនេះ អ្នកផ្សេងសុទ្ធតែស្ថិតនៅខាងក្រៅទាំងអស់។

លុះបន្តិចក្រោយមកស្រាប់តែមានភ្លៀងធ្លាក់ហើយាយឡំជាមួយខ្យលកន្រ្តាក់បក់បោកយ៉ាងខ្លាំង ហើយមិនយូរប៉ុន្មានអគាររោងចក្រមួយនេះក៏បានដួលរលំទាំងកម្រោលបណ្ដាលឲ្យសង្កត់លើ ជន រង គ្រោះទាំង៣នាក់ រងរបួសធ្ងន់ និងស្រាល ព្រមទាំងសង្កត់រថយន្ត២គ្រឿង និងម៉ូតូ១គ្រឿង ជាប់តែម្ដង៕