ខេត្តស្វាយរៀង ៖ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀង បានធ្វើការជំរុញដល់ប្រធានស្រុកប្រត្តិបត្តិ(OD) និងប្រធានមណ្ឌលសុខភាពគ្រប់ក្រុងស្រុកត្រូវចុះផ្សព្វផ្សាយនិងស្រង់ស្ថិតិដល់សេវ៉ាឯកជនពេទ្យភូមិ(អត់ច្បាប់)ដែលដើរចាក់ថ្នាំមិនមានសញ្ញាប័ត្រទទួលស្គាលពីក្រសួងសុខាភិបាលហើយបើមិនព្រមស្ដាប់ការណែនាំនៅតែបន្តទៀតខាងមន្ទីនិងធ្វើការចុះផ្សាយជាសាធារណៈព្រមទាំងដាក់ពាក្យបណ្ដឹងឡើងទៅតុលាការចាត់ការតាមច្បាប់។
ការលើកឡើងបែបនេះរបស់លោក កែរ រដ្ឋា បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយដល់ប្រធានស្រុកប្រត្តិបត្តិ(OD) និងប្រធានមណ្ឌលសុខភាពគ្រប់ក្រុងស្រុកចុះស្រង់ស្ថិតិដល់សេវ៉ាឯកជនពេទ្យភូមិដែលដើរចាក់ថ្នាំមិនមានសញ្ញាប័ត្រពីក្រសួងសុខាភិបាល។
លោកក៏បានក្រើនរំលឹកដល់ក្រុមពេទ្យទាំងអស់ត្រូវបន្តយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋ គោរពក្រមសីសធម៌ថ្លៃថ្នូរ ហើយមិនត្រូវគិតលុយជាធំនោះទេ ដោយត្រូវប្រកាន់អាកប្បកិរិយាសមរម្យ ដល់អ្នកជំងឺ។
ក្នុងឪកាសនោះ លោកក៍បានផ្តាំផ្ញើរដល់ប្រធានស្រុកប្រត្តិបត្តិ(OD) និងប្រធានមណ្ឌលសុខភាពគ្រប់ក្រុងស្រុកត្រូវធ្វើយ៉ាងណាផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋអំពីការរីកចម្រើន និងការផ្តល់សេវានានា លើវិស័យសុខាភិបាល ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពចូលរួមពិគ្រោះពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យរដ្ឋ កាន់តែច្រើនឡើងថែមទៀត៕ ដោយ ៖ សុផល