ភ្នំពេញ ៖ ដំណាក់កាលដំបូងនៃរោងចក្រចម្រាញ់ប្រេងកាតដែលមានទីតាំងនៅក្នុងខេត្តព្រះសីហនុ និងខេត្តកំពត នឹងត្រូវបញ្ចប់នៅឆ្នាំក្រោយ ដែលខុសពីគម្រោងដើមដែលកំណត់ថា នឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ ២០១៩ នេះ។ នេះបើតាមការបញ្ជាក់របស់លោក កូស ស៊ីឡា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាប្រេង នៅក្នុងសន្និសីទស្តីពីវិស័យប្រេង និងឧស្ម័ន ដែលធ្វើនៅរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ ដើមសប្តាហ៍នេះ។
ការសាងសង់រោងចក្រចម្រាញ់ប្រេង ដែលស្ថិតនៅក្នុងខេត្តពីរភាគខាងត្បូងប្រទេសគឺខេត្តកំពត និងខេត្តព្រះសីហនុ បានចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១៧ និងកំពុងដំណើរការ តែមានការយឺតជាងការរំពឹងទុក ខណៈគម្រោងនេះ ត្រូវបញ្ចប់ទាំងស្រុងទៅតាមផែនការនៅឆ្នាំ២០២២។
លោក ថា ការកសាងរោងចក្រនេះ នឹងចំណាយថវិកាប្រមាណ ៦២០លានដុល្លារ ដែលមានសមត្ថ ភាពអាចចម្រាញ់ប្រេងឆៅបានប្រមាណ ៣លានតោន ក្នុងមួយឆ្នាំ ដែលអាចធានាការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានមួយផ្នែកធំ។
រោងចក្រដែលកំពុងបង្កើតឡើងដោយក្រុមហ៊ុនប្រេងឥន្ទនៈកម្ពុជា ទំនងជាដំណើរការបូមប្រេងពីប្លុកអណ្ដូងប្រេងអប្សរា ដែលត្រូវបានកំណត់ថា ជាអណ្ដូងប្រេងបម្រុង និងរំពឹងថា ត្រូវបូមមុនគេនៅក្នុងប្រទេសកម្ពុជា។
យ៉ាងណាក៏ដោយ លោក ស៊ីឡា បានប្រាប់ក្នុងសន្និសីទនេះថា «មិនទាន់មានផែនការ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការ ដើម្បីតភ្ជាប់ប្លុកប្រេងអប្សរា និងរោងចក្រចម្រាញ់ប្រេងដែលកំពង់សាងសង់នេះនៅឡើយទេ»៕ ( រូបតំណាង)