ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីនេប៉ាល់ ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Shar ma Oli) បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅម៉ោង៣រសៀល រសៀលថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩ នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
នេះជាទស្សនកិច្ចផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្រ្តីនេប៉ាល់ ខេ ភី សាម៉ា អូលី និងលោកជំទាវ មកកាន់ព្រះរាជាណាចក្រប្រទេសកម្ពុជា។ អញ្ជើញទទួលថ្នាក់ដឹកនាំជាន់ខ្ពស់នេប៉ាល់ មានវត្តមានរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯ.ឧ សាយ សំអាល់ រដ្ឋលេខាក្រសួងការបរទេស ឯ.ឧ អ៊ុង ស៊ាន និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីនេប៉ាល់ មកកាន់កម្ពុជានាពេលនេះ ត្រូវបានរំពឹងថា ជាការរួមចំ ណែកពង្រឹងឲ្យកាន់តែរឹងមាំថែមទៀតនូវចំណង មិត្តភាព និងលើកតម្កើងកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ រវាងប្រទេសទាំងពីរ។
នៅទី១៤ ខែឧសភា លោក សាម៉ា អូលី នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ នៅវេលារសៀលសម្តេចតេជោ ហ៊ុន សែន និងលោក សាម៉ា អូលី អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់។ ប្រមុខដឹកនាំទាំងពីរក៏នឹងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាដ៏មានសារៈសំខាន់នេះផងដែរ៕