ភ្នំពេញ ៖ ក្នុងឱកាស ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា តាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែ ឧសភានេះ ឯកឧត្តម ខាត់ហ្កា ប្រាសាទ សាម៉ា អូលី នាយករដ្ឋមន្រ្តី នៃ សាធារណរដ្ឋសហព័ន្ធ ប្រជាធិបតេយ្យនេប៉ាល់ និង លោកជំទាវ បានអញ្ជើញទៅ ទស្សនាវិមានឈ្នះ-ឈ្នះ ដើម្បីបានស្វែងយល់បន្ថែមទៀត នូវដំណែលប្រវត្តិសាស្រ្ត ពីជោគជ័យ នៃកិច្ចប្រឹងប្រែង នាំមកនូវសន្តិភាពពេញលេញ ការផ្សះផ្សា និងការបង្រួបបង្រួមជាតិរបស់កម្ពុជា។
មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន នៅវិមានឈ្នះឈ្នះ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នយោបាយ កិច្ចការបរទេស និង ជាទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានឱ្យដឹងថា ឯកឧត្តម ខាត់ហ្កា ប្រាសាទ សាម៉ា អូលី នាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៣ដល់១៥ខែឧសភា ឆ្នាំ២០១៩ អមដំណើរដោយ លោកជំទាវ រ៉ាឌីកា សាក់យ៉ា ឯកឧត្តម ប្រាឌីប គូម៉ា ហ្គាវ៉ាលី រដ្ឋមន្រ្តីការបរទេស ទីប្រឹក្សានាយករដ្ឋមន្ត្រី សមាជិកសភា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ព្រមទាំងគណៈប្រតិភូធុរកិច្ច។
ឯកឧត្តម ណឹម សុវត្ថិ បញ្ជាក់ថា ការអញ្ជើញមកទស្សនាវិមានឈ្នះឈ្នះ នាពេលនេះ ដើម្បីបានដឹងកាន់តែច្បាស់ថែមទៀត នូវគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ដែលបានធ្វើឱ្យបញ្ចប់សង្រ្គាមនៅកម្ពុជា ហើយទទួលបាននូវសន្តិភាពដ៏ពេញលេញដូចសព្វថ្ងៃនេះ។
ឯកឧត្តមបញ្ជាក់ទៀតថា ក្រោយពីសំណង់ប្រវត្តិសាស្រ្ត ឬ សំណង់រយឆ្នាំដ៏អស្ចារ្យមួយនេះ កើតឡើងទើបតែបានជាង៥ខែតែប៉ុណ្ណោះ មានប្រជាជន ភ្ញៀវទេសចរជាតិ អន្តរជាតិ អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត ថ្នាក់ដឹកនាំកំពូលៗ នៃបណ្តារប្រទេសនៅក្នុងតំបន់ និងពិភពលោក បានមកទស្សនាជាហូរហែរ។ សម្រាប់ថ្ងៃនេះ ជាលើកដំបូង ដែលវិមានឈ្នះឈ្នះរបស់កម្ពុជា បានទទួលការអញ្ជើញមកទស្សនា ថ្នាក់នាយករដ្ឋមន្រ្តី ខណៈពេលកន្លងមកនេះ ទទួលថ្នាក់រដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំសំខាន់ៗជាង២០ប្រទេស បានមកស្វែងយល់ ពីអត្ថន័យ និងតឹកតាងជាក់ស្តែង នៃវិមានឈ្នះឈ្នះរបស់កម្ពុជា៕