ដុតកង់ឡានប្រឆាំងអាជ្ញាធរខណ្ឌព្រែកព្នៅករណីកាយទំនប់ព័ទ្ធបឹងសំរោង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 May, 2019 ក+ ក-

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាង១០នាក់ នៅព្រឹកថ្ងៃទី១៦ ខែឧសភា នេះ បានប្រមូលផ្តុំតវ៉ាជាថ្មី និងនាំគ្នាដុតកង់ឡានប្រឆាំងនឹង គ្រឿងចក្រដែលការពារដោយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ចុះទៅឈូសឆាយលើកជាទំនប់ព័ទ្ធផ្ទៃបឹងសំរោង ទៅតាមអនុក្រិត្យរបស់រាជរដ្ឋាភិបាល។  ប្រជាពលរដ្ឋ បានចោទអាជ្ញាធរខណ្ឌព្រែកព្នៅ ថា ការកាយដីធ្វើជាទំនប់នោះ រំលោភយករបស់ពួកគាត់ដែលធ្លាប់អាស្រ័យផលយូរមកហើយនោះ ប្រគល់ទៅឲ្យក្រុមហ៊ុនឯកជន។

ហេតុការណ៍ នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៩ នៅចំណុច ភូមិ សំរោងខាងត្បូង ស្ថិតនៅក្នុងសង្កាត់ សំរោង ខណ្ឌព្រែកព្នៅ។

តាមប្រជាពលរដ្ឋ ដែលផ្ទុះការតវ៉ា បានអោយដឹងថា ប្រជាពលរដ្ឋ ចំនួន ៧គ្រួសារ បានកាន់កាប់និងអាស្រ័យ ផល លើដីនោះ តាំងពីឆ្នាំ ១៩៩០ មកម្លេះ បែជាអាជ្ញាធរ ចុះទៅឈួសឆាយលើ ដីរបស់ គាត់ ដោយះអះអាង លើកជាទំនប់ ដើម្បីការពារផ្ទៃ បឹងសំរោង ដោយពុំទាន់មានដំណោះស្រាយឡើយ ។

ប្រជាពលរដ្ឋ បានបន្តទៀត ថា បើសិនស្តារបឹង ដូចអាជ្ញាធរជូនដំណឹងនោះ គាត់មិន ទំនាស់នោះទេ តែ ការព័ទ្ធ ឈូសឆាយ តែដីរបស់ពួកគាត់ទន់ខ្សោយ ។ចំណែកដីក្រុមហ៊ុន ធំៗ និងអ្នកមានអំណាច ដែលរងប៉ះពាល់ផ្ទៃដឹងដែរ អាជ្ញាធរ មិនហ៊ានទៅកាយនោះទេ ។

អាជ្ញាធរ ខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក ស៊ឹម សុផង់ នាយករដ្ឋបាលខណ្ឌព្រែកព្នៅ បានប្រើគ្រឿងចក្រ ចុះទៅលើកទំនប់ធ្វើជាព្រំព័ទ្ធផ្ទៃបឹង អះអាងថា ធ្វើតាមអនុក្រិត្យ និងដើម្បីស្តារបឹងតាមការណែនាំ របស់សាលារាជធានីភ្នំពេញ។នៅក្នុងការប្រើគ្រឿងចក្រឈូសឆាយប្រជាពលរដ្ឋដែលបានអាស្រ័យផល និងបានកាន់កាប់ដីមួយចំនួន ដែលរងផលប៉ះពាល់ពីការស្តារបឹង ផ្ទុះការតវ៉ាជាបន្តបន្ទាប់ប្រឆាំងគ្រឿងចក្រ របស់អាជ្ញាធរ ។

សូមរំលឹកថា កាលពីវេលាថ្ងៃត្រង់ថ្ងៃទី១៥ខែឧសភា ឆ្នាំ ២០១៩ ម្សិលមិញ ប្រជាពលរដ្ឋ បានផ្ទុះការតវ៉ា ម្តងមកហើយ ប្រឆាំងគ្រឿង ចក្រ ហើយ ត្រូវបានអាជ្ញាធរ ឃាត់ខ្លួនក្រុមអ្នកតវ៉ាម្នាក់ បញ្ជូនទៅកាន់សាលាខណ្ឌព្រែកព្នៅ តែត្រូវបានដោះលែងវិញ បន្ទាប់ពីប្រជាពលរដ្ឋលើកគ្នា ទៅសាលាខណ្ឌទាមទារអោយដោះលែង។

គួរបញ្ជាក់ថា ផ្ទៃបឹងសំរោង ដែលបានកំណត់ដោយអនុក្រិត្យ ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ មានទំហំ ៣៣៦ហិកតា ។ការស្តារបឹងរបស់អាជ្ញាធរ ត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា ដើម្បី យកដីនោះទៅអោយក្រុមហ៊ុនឯកជនមួយ ដែលកំពុងតែទិញយកបណ្តើរៗហើយ៕