ភ្នំពេញ ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ បានប្រកាសប្រាប់ពលរដ្ឋខ្មែរ នៅកូរ៉េ កុំឲ្យចាញ់បោកការឃោសនាលក់កាក់ Crypto Currency ព្រោះមិនស្របច្បាប់នោះទេ។ ការប្រកាសនេះ បានធ្វើឡើងក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសពីក្រុមហ៊ុន GCG Asia ជាក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវរួចមក។
ដោយភ្ជាប់នឹងព័ត៌មានរបស់សម្តេចតេជោ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០៩ នេះ លោក ហេង សួរ បានលើកឡើងថា “តាមរយៈព័ត៌មាននេះ ខ្ញុំនឹកឃើញកន្លងទៅឮព្រះអង្គ ពៅសុភ័ក្ត្រ មានសង្ឃដិកាថា មានអ្នកខិលខូចពីខ្មែរ និងម៉ាឡេស៊ី មួយចំនួនបានឡើងទៅកូរ៉េ ឃោសនាលក់កាក់ Crypto Currency ឲ្យសហគមន៍ខ្មែរនៅកូរ៉េ។ សូមបងប្អូនប្រយ័ត្នចាញ់បោកជនខិលខូចទាំងនោះ។ Crypto Currency គឺមិនស្របច្បាប់ទេ”។
លោក ហេង សួរ បន្តថា “អ្នកដែលបានប្រយោជន៍ខ្លាំង គឺមេខ្សែ។ រីឯកូនបន្តបន្ទាប់ នឹងផុងខ្លួនខំដើរលក់ ឬឃោសនាបន្ត ដើម្បីបានភាគរយឲ្យទៅមេខ្សែ និងដើម្បីបានប្រមូលដើមរបស់ខ្លួនមកវិញខ្លះ។ មានថវិកាដែលសន្សំបានគួរ ជូនអ្នកផ្ទះពង្រីកដីស្រែចំការ ផ្ទះសំបែង មុខរបរ និងការសិក្សាបន្តរបស់ប្អូនៗ ប្រសើរជាងចិត្តលោភលន់ទិញកាក់ខ្យល់ខុសច្បាប់ តាមការឃោសនារបស់ក្រុមបណ្តាញលក់ Crypto Currency”៕