ភ្នំពេញ ៖ មន្ត្រីតុលាការ អមដោយសមត្ថកិច្ច នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នេះ បានយកសាលក្រមផ្តន្ទាទោស លោក សម រង្ស៉ី ចំនួន២ ទៅបិទនៅទីស្នាក់ការអតីតគណបក្សសង្រ្គោះជាតិ នៅសង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ។
យោងតាម សាលក្រមទាំង ២នេះ បង្ហាញថា លោក សម រង្ស៉ី ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារសរុបរយៈពេល ៨ឆ្នាំ និងពិន័យជាប្រាក់ ២០លានរៀល ចូលជាថវិកាជាតិ។
បទល្មើសទាំង២នេះ រួមមានទី១- ជំនុំជម្រះលើបទចោទ ញុះញង់ឱ្យកងទ័ព កុំស្តាប់បញ្ជារាជរដ្ឋាភិបាលស្របច្បាប់ ដែលតុលាការបានកាត់ទោស លោក សម រង្ស៉ី ឱ្យជាប់ពន្ធនាគារ៤ឆ្នាំ និងពិន័យប្រាក់១០លានរៀល និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ កាត់ទោសលោក សម រង្ស៉ី ឱ្យជាប់ពន្ធនាគារ៤ឆ្នាំ និងពិន័យប្រាក់ ១០លានរៀលដូចគ្នា។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ កងយោធពលខេមរភូមិន្ទ បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណី ញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់រាជរដ្ឋាភិបាលស្របច្បាប់ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។ ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា ការអំពាវនាវរបស់លោក សម រង្ស៊ី ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ដែលជាបទល្មើសចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាកំពុងអនុវត្ត៕