ភ្នំពេញ៖កាលពីម៉ោង៨យប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥នេះ បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងពីរនាក់ចូលទៅបាញ់ចំនួនបីគ្រាប់ស្លាប់ក្នុងហាងគុយទាវ ឆ្នាំងភ្លើងសឹងហ៊ឺភ្នំពេញ នៅក្បែរវិទ្យាល័យបឹងកេងកង ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡោ សុភាព អាយុ ៣២ឆ្នាំ មានលំនៅឋានក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន និងមានមុខរបរជាប្រធានរដ្ឋបាលរោងចក្រស៊ីនម៉ា នៅម្តុំផ្លូវវែងស្រេង។ ភរិយាជនរងគ្រោះមានឈ្មោះ ឃ្លាំង ស្រីមុំ ជាបុគ្គលិកក្រុមហ៊ុនឯកជន។សមត្ថកិច្ច ដែលចុះទៅពិនិត្យសពបាននិយាយថា ករណីបាញ់សម្លាប់នេះសង្ស័យជារឿងគំនុំ មិនមែនករណីប្លន់យកទ្រព្យសម្បត្តិនោះទេ។
សាក្សីបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនបង្កនាំគ្នាជិះម៉ូតូដល់កន្លែងកើតហេតុ ខណៈនោះស្រាប់តែមានការឈ្លោះប្រកែក និងប្រតាយប្រតប់គ្នា បន្ទាប់មកឃើញជនរងគ្រោះបានរត់ចូលទៅក្នុងហាងគុយទាវឆ្នាំងភ្លើងសឹងហ៊ឺភ្នំពេញ ហើយក្រុមជនល្មើសពីរនាក់ដើរទៅរកជនរងគ្រោះរួចដកកាំភ្លើង K59 បាញ់សំដៅជនរងគ្រោះចំនួនបីគ្រាប់បណ្តាលឲ្យស្លាប់មួយរំពេច។ ក្រោយបាញ់ប្រហារលើជនរងគ្រោះហើយ ជនសង្ស័យបានឡើងជិះម៉ូតូគេចខ្លួនបាត់ទៅ។
ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថមិច្ច បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យស្រាវជ្រាវ និងធ្វើកោសលវិច្ច័យ ជាជំហានដំបូងបានសន្និដ្ឋានថា ជារឿងគំនុំច្រើនជាងអំពើប្លន់។សមត្ថកិច្ចបានកំពុងស្រាវជ្រាវស្វែងរកចាប់ជនសង្ស័យដើម្បីបញ្ជាក់ពីមូលហេតុដែលឈានដល់ការធ្វើឃាតបែបនេះ៕ ខេ
សពបុរសដែលត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់