ភ្នំពេញ ៖ ចិន ប្រកាសថា នឹងបន្តជួយដល់កម្ពុជាលើការអភិវឌ្ឍគ្រប់វិស័យ ជាពិសេស ចិននឹងខិតខំបង្កើនការបើកទីផ្សារសម្រាប់ទិញកសិកផល និងផលិតផលរបស់កម្ពុជាឲ្យច្រើនបន្ថែមទៀត។ នេះជាការបញ្ជាក់របស់លោក វ៉ាង យ៉ាជុន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិចិន ខណៈចូលជួបសម្តែងការគួរសមសម្តេចតេជោ ហ៊ុន សែន សែន នាយករដ្ឋមន្ត្រី នៅ វិមានសន្តិភាព នៅព្រឹកថ្ងៃទី២៤ ឧសភា ឆ្នាំ២០១៩។
ការប្រកាសបន្តបើកទីផ្សារទិញកសិផល និងផលិតផលរបស់កម្ពុជាពីសំណាក់អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិចិន គឺនៅគ្រាដែលចិនបាន ទទួលទិញអង្ករកម្ពុជាឲ្យបាន៤០ម៉ឺនតោន ជាមួយនឹងការទទួលទិញចេកអំបូងលឿងពីព្រះរាជាណាចក្រកម្ពុជាទៀតផង។ លោក បានបញ្ជាក់ថា ដំណើរទស្សនកិច្ចមកកាន់កម្ពុជា គឺដើម្បីជំរុញ នឹងបន្តអនុវត្តរាល់កិច្ចការទាំងឡាយ ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរពី គឺសម្ដេចតេជោនាយករដ្ឋមន្ត្រី និងលោកប្រធានាធិបតីចិន ស៊ី ជីនពីង បានចុះហត្ថលេខានាពេលកន្លងមក។
កម្ពុជា និងចិន គឺជាមិត្តដែកថែប ហើយទំនាក់ទំនងរវាងកម្ពុជាចិននៅពេលនេះស្ថិតនៅលំដាប់ល្អបំផុត ហើយអ្វីដែលបានចុះហត្ថលេខាជាមួយគ្នានៅពេលកន្លងមក នៅក្នុងកិច្ចប្រជុំខ្សែក្រវ៉ាត់ និងផ្លូវនៅប្រទេសចិន គឺកំពុងត្រូវបានជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។ ពិសេស នាំមកនូវជាមួយផងដែរផលប្រយោជន៍រួមសម្រាប់ប្រជាជន និងប្រទេសទាំងពីរ សម្រាប់ការអភិវឌ្ឍ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថែមទៀតផង។
សូមជម្រាបថា លោក វ៉ាង យ៉ាជុន នឹងទៅធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ដើម្បីសិក្សាលើដើម្បីសិក្សាលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការវិនិយោគ និងឧស្សាហកម្មយ៉ាងណាដើម្បីការវិនិយោគ និងឧស្សាហកម្មនៅក្រុងព្រះសីហនុ មានការអភិវឌ្ឍប្រកបដោយចីរភាព។ លោក ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកប្រធានាធិបតីចិន ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រី ចិន លីខឺឈាំងនិងលោក សុង តាវ ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។
ក្នុងឱកាសនោះ សម្ដេចតេជោបានថ្លែងអំណរគុណចំពោះការជំរុញការវិនិយោគចិនមកកាន់កម្ពុជានិងការបើកចំហរទីផ្សារកសិផល និងផលិតផលរបស់កម្ពុជា ផងដែរ៕