គម្រោងវិនិយោគតម្លៃ១ពាន់លានដុល្លារនៅកំពង់ផែភ្នំពេញនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២២
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 May, 2019 ក+ ក-

ភ្នំពេញ ៖ គម្រោងរបស់មជ្ឈមណ្ឌលពាណិជ្ជកម្ម ថ្រាយអ៊ឹម ដែលបានបោះទុនវិនិយោគប្រមាណ ៧ពាន់លានយ័ន ស្មើនឹងប្រមាណ ១ពាន់លានដុល្លារអាមេរិក នៅក្នុងតំបន់កំពង់ផែស្វយ័ត រាជធានី ភ្នំពេញ គ្រោងនឹងបញ្ចប់គម្រោងទី១របស់ខ្លួន នៅពាក់កណ្តាលឆ្នាំ២០២០ និងបញ្ចប់ការសាងសង់ ទាំងមូលនៅដំណាច់ ឆ្នាំ២០២២ ខាងមុខនេះ។

លោក ចាន់ តៃអាន ម្ចាស់គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម ថ្រាយ អ៊ឹម បានមានប្រសាសន៍ ឱ្យដឹង នៅក្នុងពិធីបិទបញ្ចប់គម្រោងសាងសង់អគារ អេ និងប៊ី កាលពីព្រឹកថ្ងៃទី២៤ ខែ ឧសភា នេះ ថា មជ្ឈមណ្ឌលពាណិជ្ជកម្ម ថ្រាយ អ៊ឹម ជាមជ្ឈមណ្ឌលទេសចរណ៍ ជាកន្លែងកំសាន្តអន្តរជាតិដ៏ធំ និង ជាផ្សារបោះដុំខ្នាតអន្តរជាតិធំជាងគេ នៅក្នុងតំបន់អាស៊ី ហើយទំនិញគ្រប់មុខនឹងនាំមកប្រមូលផ្តុំ នៅទីនេះ លើសពីនេះ ក៏ជាបណ្តុំពាណិជ្ជកម្ម អគារការិយាល័យ សណ្ឋាគារ និង ខុនដូរ ប្រណីតៗជាច្រើនទៀត ដែលស្ថិតនៅតាមបណ្តោយផ្លួវលេខ ៣៦ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែ រាជធានីភ្នំពេញ។

លោកបញ្ជាក់ថា មជ្ឈមណ្ឌលពណិជ្ជកម្មដ៏ធំសម្បើមនេះ មានចក្ខុវិស័យច្បាស់លាស់របស់ភាគីចិន ដោយឈរលើគោលនយោបាយ «ខ្សែក្រវាត់១ ផ្លូវ១» ដែលជាស្ពានតភ្ជាប់ប្រទេសទាំងពីរកម្ពុជា-ចិន ជាពិសេសជាមជ្ឈមណ្ឌលទេសចរណ៍ វប្បធម៌ ដែលមានមនុស្សរាប់លាននាក់ នឹងចូលរួម នៅ ក្នុងសកម្មភាពដ៏មមាញឹកជារៀងរាល់ថ្ងៃ ហើយទីនេះ នឹងផ្តល់ឱកាសការងារជូនប្រជាជនកម្ពុជា រាប់ពាន់នាក់ក្នុង១ឆ្នាំៗ ផងដែរ។

ចំណែកលោក ហេរ៉ូ សុជាតិ ជាអ្នកជំនាញផ្នែកអចលនទ្រព្យ បានថ្លែងថា នេះជាគម្រោងដ៏អស្ចារ្យ មួយដែលមិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការវិនិយោគទៅលើអគារពាណិជ្ជ កម្ម ឬ ក៏ផ្សារទុន ដ៏ធំដូច្នេះ។

លោកបានបន្តថា ក្នុងនាមជាអ្នកជំនាញលើផ្នែកអចលនទ្រព្យ លោកមានការរំពឹងខ្ពស់នូវភាពជោគ ជ័យ នឹងអាចទទួលបានដំណើរការលក់គម្រោងនេះ ហើយអតិថិជន នឹងទទួលបានផលចំណេញ យ៉ាងពិតប្រាកដ ក្នុងដំណើរការពាណិជ្ជកម្មរបស់ខ្លួន។

សូមបញ្ជាក់ថា គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម ថ្រាយ អឹម វិនិយោគលើផ្ទៃដីជិត ១០ហិកតា នៅ ត្រង់ចំណុចឃ្លាំងរបស់កំពង់ផែស្វយ័ត ក្រុងភ្នំពេញ ក្នុងរយៈពេលវិនិយោគ ៤០ឆ្នាំ។ សម្រាប់ដំណាក់កាលដំបូង នៃគម្រោងគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២០ ហើយគ្រោង នឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២២៕