ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល បានចេញប្រកាសរួមគ្នាមួយ ស្ដីពី ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ នៃគ្រួសារមាន បណ្ណសមធម៌ ឬបណ្ណអាទិភាព ដែលការអនុវត្តចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ តទៅ។ នេះបើតាមសេចក្តីប្រកាសដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះថ្ងៃទី២១ ខែឧសភា កន្លងទៅនេះ។
ប្រកាសរបស់ក្រសួងទាំង២ នេះ បានបញ្ជាក់ពីគោលបំណងថា នឹងកំណត់ការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំនៃគ្រួសារដែលមានបណ្ណសមធម៌ ឬបណ្ណអាទិភាព សំដៅលើកកម្ពស់សុខមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះ អាហារូបត្ថម្ភរបស់កុមារ ក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូន ក្នុងផ្ទៃរហូតដល់អាយុ ២ឆ្នាំ ប្រយោជន៍ដើម្បីជំរុញការលូតលាស់ទាំងកាយសម្បទា បញ្ញា និងស្មារតី៕ ដោយ ៖ បូរិទ្ធ