ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចការងារនៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ស៊ិន ហ្សូអាបេ នាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើជាសាក្សីរួមគ្នា ក្នុងការចុះហត្ថលេខា ឯកសារចំនួនពីរ គឺឯកសារស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជា ដែលក្នុងនោះមាន ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម-សាងសង់ស្ថានីយកុងតឺណឺនៅកំពង់ផែខេត្តព្រះសីហនុ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន និងការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩ លានយ៉េនជប៉ុន។
ពិធីចុះហត្ថលេខានេះ នឹងធ្វើឡើងក្រោមអធិបតីភាពសាក្សីពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ ក្នុងដំណើរចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី នៅទីក្រុងតូក្យូ របស់ប្រតិភូកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ឧសភា ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូ ចាកចេញពីកម្ពុជាហើយនៅព្រឹកថ្ងៃទី២៨ ខែឧសភា នេះ ដើម្បីបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុន និងចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី និងព្រឹត្តិការណ៍ជាច្រើនទៀត នៅទីក្រុងតូក្យូ ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភាឆ្នាំ ២០១៩។ ក្នុងដំណើរទស្សនកិច្ចការងារនៅជប៉ុន របស់សម្តេចតេជោ នឹងមានឯកសារសំខាន់ចំនួនពីរ នឹងត្រូវចុះហត្ថលេខាក្នុងការផ្តល់ជំនួយឥតសំណងដល់កម្ពុជាលើការអភិវឌ្ឍផែកុងតឺន័រ ការងារសង្គម និងវិស័យអប់រំ។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបជាមួយឥស្សរៈជនជប៉ុន និងទទួលការចូលជួបសម្តែងការគួរសម ពីតំណាងក្រុមហ៊ុនជប៉ុនជាច្រើន ហើយសម្តេចតេជោ នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ដែលសហការ រៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងធនាគារមីហ្ស៊ូហូ (Mizuho)។
លោក ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់អ្នកកាសែតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា នៅក្នុងសន្និសីទអន្តរជាតិលើកទី២៥ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថា គន្លឹះលើមូលបទរបស់សន្និសីទ «ការស្វែងរកសណ្តាប់ធ្នាប់ពិភពលោកថ្មី-ការជំនះភាពវឹកវរ» ព្រមទាំងចែករំលែក ទស្សនៈវិស័យលើបរិបទសកលលោកបច្ចុប្បន្ន ចក្ខុវិស័យនាពេលអនាគតមាគ៌ាឆ្ពោះទៅមុខ និងការប្តេជ្ញាចិត្ត និងរួមចំណែករបស់កម្ពុជា ក្នុងការលើកកម្ពស់ភាពសុខដុម សន្តិភាព និងវិបុលភាពរួមនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងក្នុងពិភពលោក។បន្ទាប់ពីអញ្ជើញចូលរួមសន្និសីទនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងមានជំនួបទ្វេភាគីជាមួយ លោកនាយករដ្ឋមន្រ្តីជប៉ុន អាបេ ស៊ីនហ្សូ ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី តំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម៕