ព្រះសីហនុ៖ រថយន្តអង្គរក្សរបស់លោក សម រង្ស៊ី បានក្រឡាប់នៅវេលារសៀលថ្ងៃទី១៥ មិថុនា នេះ ខណៈធ្វើដំណើរវិលត្រឡប់ពីខេត្តព្រះសីហនុមកកាន់រាជធានីភ្នំពេញវិញបណ្តាលឲ្យអង្គរក្សចំនួន ៧នាក់ រងរបួសធ្ងន់ និងស្រាលនៅចំណុចភូមិស្ទឹងឆាយ ក្នុងខណ្ឌព្រៃនប់ គីឡូម៉ែត្រលេខ១៥៣-១៥៤ លើដងផ្លូវជាតិលេខ៤ ។
សមត្ថកិច្ចបានរាយការណ៍ថា ហេតុការណ៍ក្រឡាប់រថយន្តនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ នៅលើដងផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៥៣-១៥៤ ស្ថិតក្នុងភូមិស្ទឹងឆាយខាងត្បួង សង្កាត់វាលរេញ ខណ្ឌព្រៃនប់ ខេត្តព្រះសីហនុ។ អង្គរក្សទាំង៧នាក់នោះ ត្រូវសង្គ្រោះ នៅពេទ្យឯកជនមួយ នៅផ្សារវាលរេញ ខណ្ឌព្រៃនប់ មុននឹងបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យ CT ខេត្តព្រះសីហនុ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាប្រធានក្រុមអង្គរក្ស លោក សម រង្ស៊ី គឺលោក ឡុង រី ឲ្យដឹងថា រថយន្តអង្គរក្ស លោក សម រង្ស៊ី ដែលបើកអមពីក្រោយ រថយន្តលោក សម រង្ស៊ី ពេលធ្វើដំណើរពីខេត្តព្រះសីហនុឆ្ពោះមកភ្នំពេញនោះ បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាន នៅចំណុចភូមិស្ទឹងឆាយ សង្កាត់វាលរេញ ខណ្ឌព្រៃនប់ នៅវេលាម៉ោងជាង៤រសៀលថ្ងៃទី១៥ មិថុនានេះ។
លោក ឡង់ រី បញ្ជាក់ទៀតថា បញ្ហាគ្រោះថ្នាក់នេះ ដោយសារតែរថយន្តអង្គរក្សបានបើក គេចពីឡានកុងទីន័រ ដែលបើកបញ្ច្រាសទិសគ្នា ហើយរអិលផ្លូវគ្រូសក្រហមក៏រេរចង្កូតក្រឡាប់តែម្ដង។
លោកបញ្ជាក់ថា រថយន្តរបស់លោក សម រង្ស៊ី វិញពុំមានបញ្ហាអ្វីទេ។ ចំណែកអ្នករងរបួសទាំង៧នាក់នោះ ត្រូវបានដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខណ្ឌព្រៃនប់ភ្លាមៗ ដោយសារអ្នករបួសទាំងនោះ មានអ្នកខ្លះបាក់ដៃ អ្នកខ្លះប៉ះត្រូវក្បាលជាដើម៕ K K