ព្រះសីហនុ ៖ សមត្ថកិច្ចតាមចាប់ខ្លួនបានហើយ ជនដៃដល់ដែលរំលោភសម្លាប់ក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ និងក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ ជាបងប្អូនបង្កើត នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្ទាប់ពីជននេះ បានរត់ទៅសំងំលាក់ខ្លួនក្នុងស្រុកមេសាង ខេត្តព្រៃវែង។
អំពើឃាតកម្មដ៏សាហាវខាងលើនេះ បានបណ្តាល ឲ្យមានការប្រកាសថ្កោលទោសយ៉ាងខ្លាំងៗ តាមបណ្តាញសង្គម Facebook រហូតប្រជាពលរដ្ឋខ្លះ បានបញ្ចេញមតិឲ្យសមត្ថកិច្ចពេលចាប់បាន វាយសម្លាប់ចោលទៀតផង តែយ៉ាងណាក៏ដោយ ប្រទេសមានច្បាប់ ជនដែលប្រព្រឹត្តខុសត្រូវកាត់ទោសដោយតុលាការ។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា «ជនដៃដល់ត្រូវបានចាប់ហើយនៅស្រុកមេសាង ខេត្តព្រៃវែង និ ងកំពុងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហើយសំណុំរឿងបញ្ជូនទៅកាន់តុលាការ»។
គួរំលឹកផងដែរថា ក្មេងប្រុសស្រី២នាក់បងប្អូននេះ ត្រូវបានឪពុកម្តាយចាកចេញទៅធ្វើការងារបាត់ ទម្លាប់ទុកចោលឱ្យពួកគេនៅផ្ទះរបៀបនេះ ជារៀងរាល់ថ្ងៃ។ អំពើឃាតកម្មដ៏ព្រៃផ្សៃនេះ បង្កឡើងដោយជនល្មើសឈ្មោះ មាង វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំចាប់រំលោភកុមារី អាយុ ៧ឆ្នាំ បន្ទាប់មកធ្វើសកម្មភាពសម្លាប់ទាំងកុមារី និងកុមារាជាប្អូនអាយុ ២ឆ្នាំកន្លះ ដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា។
ក្មេងប្រុសជាប្អូន បានស្លាប់ភ្លាមៗនៅក្នុងផ្ទះ ហើយក្មេងស្រីជាបង ដែលរងការរំលោភមុនពេលសម្លាប់ ត្រូវបានក្រុមគ្រួសារព្យាយាមជួយដឹកទៅសង្គ្រោះរហូតដល់រាជធានីភ្នំពេញ តែមិនអាចជួយសង្គ្រោះជីវិតបានឡើយ ហើយបានបាត់បង់ជីវិតនៅលើរថយន្តវេលាម៉ោង ៨យប់ក្នុងថ្ងៃដដែលនោះ។ កុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុ៧ឆ្នាំ៕ ដោយ ៖ សុផល