ឈ្មួញនៅតែបន្តលួចដឹកជ្រូករស់ពីវៀតណាមចូលស្រុករមាសហែក រាល់ថ្ងៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 June, 2019 ក+ ក-

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថ បានចុះបង្ក្រាបក្រុមឈ្មួញលួចនាំកូនជ្រូករស់ពីប្រទេសវៀតណាម មកតាមច្រករបៀងឆ្លងដែនចូលមកទឹកដីរដ្ឋបាលស្រុករមាសហែក ប្រគល់អោយចការិយាល័យ ផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១ ខែមិថុនា ២០១៩ នេះ ចំនួន៥៤ក្បាល យកទៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធី។

ទាក់ទងករណីនេះដែរ សមត្ថកិច្ចបានឲ្យដឹងថា ក្រុមសមត្ថកិច្ចចរាចរសត្វការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង និងមន្ត្រីបសុព្យាបាលស្រុករមាសហែក បាន សហការជាមួយកងរាជអាវុធហត្ថ ស្រុករមាសហែក ឃាត់បានរថយន្តមួយគ្រឿង ម៉ាកតូយូតាដឹក កូនជ្រូករស់ចំនួន៥៤ក្បាល កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិត្រពាំងព្រីង ឃុំកំពង់អំពឹល ស្រុករមាសហែក សង្ស័យក្រុមឈ្មួញដឹកមកពីប្រទេសវៀតណាម។

ក្រោយពីសមត្ថកិច្ចឃាត់រថយន្តដើម្បីត្រួតពិនិត្យនិងសាកសួររកច្បាប់អនុញ្ញាតិគឺគ្មានទើបសមត្ថកិច្ចឃាត់រថយន្តរួមទាំងវត្ថុតាងកូនជ្រូកចំនួន៥៤ក្បាលយកមករក្សាទុកនៅមន្ទីរកសិកម្មខេត្តដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

បើតាមលោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា ដោយសង្ស័យមានផ្ទុកជំងឺប៉េស្តអាហ្វ្រិក មន្ត្រីជំនាញបានបូមឈាមកូនជ្រូកទាំងអស់ យកទៅពិនិត្យនៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វរាជធានីភ្នំពេញកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ នេះ ប្រសិនបើមានផ្ទុកជម្ងឺគឺដកហូតយកទៅកំទេចចោលបើគ្មានផ្ទុកជំងឺនោះទេ និងធ្វើការផាកពិន័យតាមច្បាប់៕ ​ ដោយ ៖​ សុផល