ខេត្តបន្ទាយមានជ័យ ៖ ផ្នូរសពបុរាណបុព្វបុរសខ្មែរមួយកន្លែង ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលជាកន្លែងមន្រ្តីវប្បធម៌ការពារអភិរក្ស ចាត់ទុកជាបេតិកភណ្ឌជាតិ បានរងការជីកកកាយលួចយកវត្ថុបុរាណ ពីសំណាក់ជនទុច្ចរិត ដើម្បីជួញដូរគ្រាដែលវត្ថុបរាណដែលកប់ក្នុងផ្នូរសពបុរាណកំពុងមានហាងឆេងខ្ពស់ក្នុងទីផ្សារងងឹត។
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ លោក យង់ តាំងកួយ ប្រាប់ឱ្យដឹងថា កាលពីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចសពផ្នូរបុរាណមួយកន្លែង ស្ថិតក្នុងអាងអន្លង់រុត ភូមិពន្សាយត្បូង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានជនទុច្ចរិតមួយក្រុម បានធ្វើសកម្មភាពជីកកកាយផ្នូរសពបុរាណ ដើម្បីលួចយកវត្ថុបុរាណ ខណៈនោះមន្រ្តីមន្ទីរវប្បធម៌ បានទទួលព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ។
កម្លាំងនគរ បាលការពារបេតិភណ្ឌនៅតំបន់ប្រាសាទបន្ទាយឆ្មារ រួមមន្រ្តីមន្ទីរវប្បធម៌ បានចេញទៅបង្រ្កាបប៉ុន្តែក្រុមជនទុច្ចរិតទាំងនោះដឹងខ្លួនមុន បានរត់គេចខ្លួនបាត់។ សមត្ថកិច្ចបានរឹបអូសនូវម៉ូតូជនល្មើស ៣គ្រឿង សម្ភារៈចបជីកចំនួន ៣ដើម ចបកាប់ចំនួន ៣ដើម ដែកចាក់ចំនួន ៣ដើម និងសម្ភារៈមួយចំនួនទៀតផងដែរ។
លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងទៀតថា ផ្នូរសពបុរាណបុព្វបុរសខ្មែរ ចាត់ទុកជាបេតិកភ័ណ្ឌជាតិ ដែលមានតម្លៃជាប្រវត្តិសាស្រ្ត ត្រូវការពារអភិរក្សរក្សាទុកឱ្យបានគង់វង្ស។ពីព្រោះថា ផ្នូរសពបុរាណមានអាយុកាលយ៉ាងហោចណាស់២៥០០ឆ្នាំមកហើយ។ ផ្នូរសពបុរាណត្រូវបានអង្គការ UNESCO ចាប់អារម្មណ៍ ចាត់ទុកជាបេតិកភណ្ឌ ដែលមានតម្លៃជាសកល។ បច្ចុប្បន្នផ្នូរសពបុរាណនៅក្នុងខេត្តបន្ទាយមានជ័យមានប្រមាណ៣២ទៅ៣៣កន្លែង។
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ លោក យង់ តាំងកួយ ប្រាប់ឱ្យដឹងទៀតថា ចំពោះជនទុច្ចរិតដែលជីកកកាយសពផ្នូរបុរាណ ដើម្បីលួចយកវត្ថុបុរាណ ធ្លាប់រងការចាប់ខ្លួនបាន ១នាក់មកហើយក្នុងស្រុកថ្មពួក និងបានកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។ដោយឡែកករណីជនទុច្ចរិតជីកកកាយផ្នូរសពបុរាណខាងលើ កម្លាំងសមត្ថកិច្ចកំពុងតាមដានស្រាវជ្រាវវែកមុខ ដើម្បីស្វែងរកចាប់ខ្លួនយកមកចាត់ការតាមផ្លូវច្បាប់ឲ្យខាងតែបាន៕ ដោយ ៖ ស.រ.