ភ្នំពេញ៖ តារាបាល់ទាត់ដ៏ល្បីរបស់ចក្រ ភពអង់គ្លេសលោក David Beckham ឯកអគ្គរាជទូតសុច្ឆន្ទៈអង្គការយូនីសេហ្វ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាក្នុងគោលបំណងស្វែងយល់ពីការងាររបស់អង្គការយូនីសេហ្វ និងដៃគូ ដែលកំពុងជួយគាំទ្រដល់កុមាររងគ្រោះពី ការរំលោភបំពានលើរាងកាយផ្លូវភេទ និងផ្លូវចិត្ត និងកំពុងការពារកុមារដែលងាយរងគ្រោះពីសំណាក់គ្រោះថ្នាក់ផ្សេងៗទៀត។
តាមគេហទំព័ររបស់អង្គការយូនេសេហ្វ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ បានអោយដឺងថានៅដើមឆ្នាំនេះ គឺជាទិវាខួបលើកទី១០ របស់David Beckham ដែលបានទទួលភារកិច្ចជាឯកអគ្គរាជទូតសុច្ឆន្ទៈអង្គការយូនីសេ ហ្វ ហើយរូបលោក រួមទាំងអង្គការនេះ បានបង្កើតនូវមូលនិធិមួយ ដែលមានឈ្មោះថា “លេខ៧-មូលនិធិ David Beckham និងយូនីសេហ្វ” ដើម្បីជួយការពារកុមារពីគ្រោះថ្នាក់។
David Beckham បានប្តេជ្ញាចិត្តប្រើនូវសម្លេង ឥទ្ធិពល និងទំនាក់ទំនងដ៏មានកិត្យានុភាពរបស់លោក ដើម្បីប្រមូលនូវថវិកានិងជម្រុញមេដឹកនាំពិភពលោកឲ្យធ្វើការផ្លាស់ ប្តូរប្រកបដោយភាពវិជ្ជមានយូរអង្វែងសម្រាប់កុមារ។មូលនិធិនេះ នឹងគាំទ្រដល់អង្គការយូនីសេហ្វ ឲ្យអនុវត្តនូវកម្មវិធីអភិវឌ្ឍន៍ជីវិតកុមារនៅទូទាំងពិភពលោក រួមទាំងកុមាររងគ្រោះដោយអំពើហិង្សានៅក្នុងប្រទេសកម្ពុជាផងដែរ។
ឯកអគ្គរាជទូតសុច្ឆន្ទៈអង្គការយូនីសេហ្វ David Beckham បានមានប្រសាសន៍ថា “ខ្ញុំមកកាន់ប្រទេសកម្ពុជា ដើម្បីជួបកុមាររងគ្រោះពីអំពើហិង្សា ស្តាប់នូវរឿងរ៉ាវរបស់ពួកគេ និងស្វែងយល់ពីការងាររបស់អង្គការយូនីសេហ្វនិងដៃគូ ក្នុងការជួយកុមារទាំងនោះឲ្យមាន សុវត្ថិភាព។ លោកថា ខ្ញុំតក់ស្លុតណាស់ ដែលនៅរៀងរាល់ប្រាំនាទីម្តងមានកុមារម្នាក់បានស្លាប់ដោយសារអំពើហិង្សា នៅកន្លែងណាមួយនៅក្នុងពិភពលោក”។
គួររំលឹកថា ទស្សនកិច្ចរបស់តារាកីឡាបាល់ទាត់ដ៏ល្បីរូបនេះមកប្រទេសកម្ពុជាបានធ្វើឡើងតែប៉ុន្មានខែប៉ុណ្ណោះ ក្រោយដំណើរទស្សនកិច្ចរបស់ស្ដ្រីដ៏មានឥទ្ធិពលម្នាក់ដែលជា ភរិយាប្រធានាធិបតីអាមេរិក Barack Obama ទៅក្រុងសៀមរាបក្នុងគោលបំណងលើកកម្ពស់ការអប់រំកុមារីក្រីក្រ និងទន់ខ្សោយឲ្យមានអនាគតភ្លឺថ្លា៕ rotha