កំពង់ចាម ៖ លោក គួច ចំរើន អភិបាលខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ បានដឹកនាំប្រតិភូ នាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ធ្វើឲ្យរលំ និងប៉ើងដំបូលផ្ទះចំនួន១៩គ្រួសារ នៅក្នុងភូមិខ្នា ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
លោក គួច ចំរើន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ហ៊ុន ណេង ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម រួមចំណែកចែករំលែកនូវទុក្ខលំបាក ចំពោះ បងប្អូនប្រជាពលរដ្ឋរងគ្រោះទាំង ១៩គ្រួសារ ដែលទទួលរងគ្រោះដោយសារគ្រោះធម្មជាតិ ។
សូមជម្រាបថា កាលពីវេលាម៉ោង ៦និង២០នាទីល្ងាច ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩កន្លង ទៅថ្មីៗនេះ មានខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង បណ្ដាលឲ្យប៉ះពាល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋចំនួន ១៩ខ្នងផ្ទះ តែមិនបង្កឲ្យរបួសឆ្នាម និងប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់ឡើយ ។
អំណោយត្រូវបាននាំយកមកចែកជូនប្រជាពលរដ្ឋទាំង ១៩គ្រួសារ ក្នុង ១គ្រួសារៗ ទទួលបានអង្គរ២៥គីឡូក្រាម ឃីត ១កញ្ចប់ មី ១កេស ទឹកស៊ីអ៊ីវ ៦ដប ទឹកត្រី ៦ដប ត្រីខ ១០កំប៉ុង និងថវិកា១០ម៉ឺនរៀល ។ ចំណែក គ្រួសាររងគ្រោះរលំ និងប៉ើងតំបូលផ្ទះទាំងស្រុង ១គ្រួសារ ទទួលបានថវិកា ១លានរៀល និងបន្ថែមនូវសម្ភារៈផ្ទះបាយ ដែលអំណោយបានមកពីការចូលរួមចំណែកពីព្រះសង្ឃ ផងដែរ ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៩ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បាននាំយកអំណោយមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៧៩គ្រួសារ នៅឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ផងដែរ៕ ដោយ ៖ សុផល