ភ្នំពេញ ៖ នៅក្នុងដែនសមុទ្រកម្ពុជា មានប្លុកប្រេងកាតមួយចំនួន ដែលអាចទាញយកផលបាន ដែលនាំឱ្យកម្ពុជាមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងកិច្ចការនេះ ក្នុងនោះរដ្ឋសភាដែល ជាស្ថាប័នកំពូលរបស់ជាតិ បានអះអាងថា ខ្លួនបានធ្វើកិច្ចការនេះដោយប្រុងប្រយ័ត្នបំផុត ហើយនៅថ្ងៃស្អែក ទី៦ ខែមិថុនា នេះ រដ្ឋសភានឹងរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់មួយ ដើម្បីប្រមែប្រមូលមតិយោបល់ពីគ្រប់ផ្នែកទាំងអស់ មុននឹងជួបពិភាក្សាឱ្យបានល្អិតល្អន់ជាមួយតំណាង រាជរដ្ឋាភិបាលស្តីអំពីការទាញយកផលពីរ៉ែប្រេងកាតនេះ។
លោក ឈាង វុន សមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា បានបញ្ជាក់បែបនេះ នៅក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា កាលពីព្រឹក ថ្ងៃទី៥ មិថុនា នេះ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៤ រួមមាន៖
១.ពិនិត្យសំណើសុំ អនុម័តនូវសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការងារធានាទូទាត់របស់រាជរដ្ឋាភិ
បាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន អេសភីអេចភី (ខេមបូឌា) ឯ.ក។
២.ពិនិត្យសំណើ សុំអនុម័តនូវសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិ
បាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក រីញូវេប៊ល ឯ.ក។
៣.ការពិនិត្យសំណើ សុំអនុម័តនូវសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិ បាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក ខូអិលធីឌី និង ៤.ការពិនិត្យសុំបញ្ចូល ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ នូវសេចក្តីព្រាងច្បាប់ស្តីពីការអនុ ម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតបង់ក្លាដេស ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ៕