ភ្នំពេញ ៖ ប្រធានគណៈប្រតិភូអង្គការ ICAPP លោក Jose de Venecia Jr. បានស្នើព្រះរាជាណាចក្រកម្ពុជាពិចារណា ទទួលបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលUPF (Universal Peace Federation)។ ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍និងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំជាអន្តរជាតិនេះ នៅចុងឆ្នាំនេះ។
លោក Jose de Venecia Jr. ប្រធានគណៈប្រតិភូអង្គការ ICAPP បាន ស្នើឲ្យសម្តេចតេជោពិចារណា ដើម្បីរៀបចំកិច្ចប្រជុំកំពូលUPF (Universal Peace Federation) នៅព្រះរាជាណាចក្រកម្ពុជា និងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកជាដើម។ កិច្ចប្រជុំនេះគឺដើម្បីពង្រឹងភាពជាដៃគូរវាងរដ្ឋាភិបាល និងសង្គមស៊ីវិលផង ដែលមានខ្លឹមសារស្នូលដើម្បីសន្តិភាពនិងការអភិវឌ្ឍ ការប្រែប្រួលអាកាសធាតុ ជម្លោះនិងដំណោះស្រាយក្នុងគ្រាសំខាន់។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះលោក Jose de Venecia Jr. និងគណៈប្រតិភូ សន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី ហៅថា ICAPP (International Conference of Asian Political Parties) ដែលបានផ្ដល់ការទុកចិត្តចំពោះកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កាលប្រជុំកំពូល UPF នៅប្រទេសនេប៉ាល់កន្លងមក បានទទួលជោគជ័យនោះ គឺជាកិច្ចប្រជុំលើកទី១ ។ ចំពោះកិច្ចប្រជុំលើកទី២ ឆ្នាំនេះដែលនឹងធ្វើឡើងនៅប្រទេសកម្ពុជា គឺ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូ ICAPP ថា កម្ពុជាស្វាគមន៍នូវកិច្ចប្រជុំនេះ ហើយគប្បីណាត្រូវរៀបចំឡើងនៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩-២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។
សម្តេចតេជោ បានមានប្រសាសន៍ថា ចំពោះករណីប្រធានបទពាក់ព័ន្ធ ទៅនឹងកិច្ចប្រជុំកំពូល UPF នេះ គឺ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើការណែនាំឲ្យរួមគ្នាពិភាក្សា និងពិចាណាលើខ្លឹមសារឲ្យបានគ្រប់ជ្រុងជ្រោយ៕