សម្តេច ហ៊ុន សែន ៖ មេដឹកនាំសិង្ហបុរី បានរួមចំណែកសម្លាប់ប្រជាជនកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 June, 2019 ក+ ក-

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហោះសារ ទាំងពាក់កណ្តាលយប់នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ នេះ ជាពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស លើទំព័រហ្វេសប៊ុកផ្លូវការ ដែលជាប្រតិកម្មតបតមួយទៅលោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលបានលើកឡើងថា «វៀតណាមឈ្លានពានកម្ពុជា ក្នុងអំឡុងទសវត្សរ៍៨០ …ហើយពួកខ្លួន អាស៊ាន៥ ប្រទេសបានរួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាម មកលើកម្ពុជា និងប្រឆាំងរដ្ឋា ភិបាលកម្ពុជា ដែលបានជំនួសខ្មែរក្រហម»។

នៅក្នុងសាររបស់សម្តេចបានចោទប្រកាន់មេដឹកនាំសិង្ហបុរី ថាមេដឹកនាំសិង្ហបុរីបានចូលរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិត ប្រាកដ ព្រមទាំងបានលើកសំណួរទៅកាន់នាយករដ្ឋមន្ត្រី សិង្ហបុរីថាតើលោកចាត់ទុកការកាត់ទោសមេដឹកនាំខ្មែរក្រហមកន្លងទៅនេះ ជាការត្រឹមត្រូវដែរឬទេ? ។

នៅក្នុងសារលិខិតនៅតាមរយៈហ្វេសបុកនេះ សម្តេចបានសរសេរថា៖«ខ្ញុំពិតជាមានការសោក ស្តាយខ្លាំងណាស់ដែលឯកឧត្តម នាយករដ្ឋមន្ត្រី សិង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រហ្វេសប៊ុកកាលពីថ្ងៃទី ៣១ខែឧសភាកន្លងទៅ ដោយលើកឡើងថា ” ពេលដែលគាត់(ឧត្តមសេនីយ៍ព្រេម)ធ្វើជានាយករដ្ឋមន្ត្រី (ថៃ)គាប់ជួននឹងពេលដែលសមាជិក ASEAN(កាលនោះគ្នាយើង ៥ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជានិង ប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលបានជំនួសខ្មែរក្រហម។

…”ការលើកឡើងនេះ បង្ហាញថា កាលនោះសិង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៍និងចង់ឲ្យរបបប្រល័យពូជសាសន៍វិល ត្រឡប់មកកម្ពុជាវិញដែរ។

សិង្ហបុរីបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រជុំដែលនាំដល់ ការបង្កើតរដ្ឋាភិបាលចម្រុះត្រីភាគីកម្ពុជា ប្រជាធិបតេយ្យនិងអូសបន្លាយ សង្គ្រាមនៅកម្ពុជា និងទុក្ខវេទនារបស់ប្រជាជនកម្ពុជាជាង១0ឆ្នាំថែមទៀត ហើយដែលស្មើនឹងការប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាផងដែរ ។ការ លើកឡើងនេះក៏ជាការប្រមាថដល់ពលិកម្មសាច់ស្រស់ឈាមស្រស់របស់ កងទ័ពស្ម័គ្រចិត្តវៀត ណាម ដែលបានជួយរំដោះកម្ពុជាឲ្យរួចផុតពីរបប ប្រល័យពូជសាសន៍នោះ។

ការលើកឡើងរបស់ឯកឧត្តម លី ស៊ានឡុង នាពេលនេះក៏បានបង្ហាញប្រជាជនសាំងកាពួនិងពិភព លោកថាមេដឹកនាំសិង្ហ បុរីនាពេលនោះបានរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។

ចុងក្រោយនេះខ្ញុំចង់សួរ ឯ.ឧ នាយករដ្ឋមន្ត្រី លី ស៊ានឡុង ថា តើគាត់ចាត់ទុកការកាត់ទោសមេ ដឹកនាំខ្មែរក្រហមកន្លងទៅនេះថាជាការ ត្រឹមត្រូវដែរឬអត់ ?»។

លោកនាយករដ្ឋមន្ត្រី លី ស៊ានឡុង កាលពីថ្ងៃទី ៣១ ឧសភាបានសរសេរថា៖«ក្នុងអំឡុងពេល ដែលលោក ព្រេម ទីនស៊ូឡានុនដា ធ្វើជានាយករដ្ឋមន្ត្រីថៃនោះ វាក៏ជាពេលដែលសមាជិកអាស៊ានទាំង៥នៅពេលនោះបានប្រឆាំងនឹងការឈ្លានពាន របស់វៀតណាមមកលើកម្ពុជានិងរដ្ឋាភិបាលកម្ពុជា (ពេលនោះ) ដែលមកជំនួសរបបខ្មែរក្រហម»។ លោក លី ស៊ានឡុង សរសេរបន្តទៀតថា៖«ប្រទេសថៃបានប្រឈមនឹងកងទ័ពវៀតណាមនៅតាមបណ្តោយ ព្រំដែនរបស់ខ្លួនជាមួយកម្ពុជា។ លោកឧត្តមសេនីយ៍ ព្រេម បានសម្រេចចិត្តយ៉ាងមុតមាំដោយមិនទទួលយកអ្វីដែលកំពុងកើតឡើងនោះ ហើយបានធ្វើការជាមួយដៃគូក្នុងអាស៊ានដើម្បីប្រឆាំងវៀតណាមនៅតាម វេទិកាអន្តរជាតិនានា»។

ថ្លែងក្នុងប្រជុំគណៈរដ្ឋមន្រ្តីមួយនាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ រំលឹក និងប្រដៅដល់នាយករដ្ឋមន្រ្តីសិង្ហបុរី លី ស៊ានឡុង ថា«យើង គួរថ្នាក់ថ្នមទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ក៏ដូចជាប្រជាជននិងប្រជាជន នៅក្នុងប្រជា ជាតិអាស៊ាន»។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ហៅការលើកឡើងរបស់នាយករដ្ឋមន្រ្តីសិង្ហបុរី ជាការប្រមាថដល់កងទ័ពវៀតណាម និងប្រឆាំងការរស់រានរបស់ប្រជាជនខ្មែរក្រោយ ការ ដួលរលំនៃរបបខ្មែរក្រហមផងដែរ៕