ខេត្តកំពង់ចាម ៖ នៅក្រុងកំពង់ចាម នាពេលបច្ចុប្បន្ន មានទីតាំងតែពីរកន្លែងប៉ុណ្ណោះធ្វើអាជីវកម្មផលិតនំបញ្ចុកបោះដុំ ហើយក្នុងឱកាសទិវាហូបនំបញ្ចុក៩មិថុនា នេះ មានអតិថិជនបញ្ជាទិញប្រមាណ៤តោន តែកន្លែងផលិតនីមួយៗមានលទ្ធភាពផលិតបានត្រឺមតែ១តោនប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលចំនួននេះ អាចធ្វើឲ្យការរៀបចំពិធីហូបនំបញ្ចុក មានការប្រែប្រួលខ្លះៗខុសពីការរំពឹងទុក។
គួរជម្រាបថា អ្នកភូមិចុងថ្នល់ទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម មួយចំនួន បានចាប់យករបរធ្វើនំ បញ្ជុកលក់ ដើម្បីដោះស្រាយជីវភាពគ្រួសារ ដោយសារតែរបរនេះទទួលបាន ប្រាក់ចំណេញគួរសម ក៏ចេះតែនាំគ្នា បន្តធ្វើជារៀងរហូតមកដល់សព្វថ្ងៃ។
លោក ឃុត ចាន់នី វ័យ៥៨ឆ្នាំ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី០៨មិថុនា ២០១៩ថាៈ ក្រោយថ្ងៃរំដោះ ០៧មករា ១៩៧៩ រូបលោកនឹងប្រពន្ធ មិនមានរបរអ្វីនឹងគេ ក៏បានចាប់ផ្តើមធ្វើនំបញ្ចុកលក់ ដោយប្រើ ប្រាស់ដៃត្រូវកិនម៉្សៅ និងសង្កត់ប៉ែននំបញ្ចុក ដោយដៃទៀត ហើយក្នុង១ថ្ងៃ អាចធ្វើបានប្រមាណ ៧០ ទៅ៨០គីឡូក្រាម ហើយត្រូវដឹកដោយកង់យកទៅលក់នៅផ្សារក្នុងក្រុងកំពង់ចាម តំលៃបាន ៧០០ រៀល ក្នុង១គីឡូក្រាម ប៉ុណ្ណោះ។
លោក ចាន់ នី ប្រាប់បន្តថា ក្រោយមកទៀត បច្ចេកទេសត្រូវប្រើម៉ាស៊ីន សម្រាប់កូ(វិត)ម៉្សៅ គ្រាន់បើ ជាងការប្រើកម្លាំងបាយ និងចុងក្រោយរហូតមកដល់សព្វថ្ងៃ ត្រូវបានម៉ាស៊ីនផលិតនំបញ្ចុក ពាក់ កណ្តាលស្វ័យប្រវត្តិដែលមានលទ្ធភាពធ្វើបាន ៥០០គីឡូក្រាមក្នុង១ថ្ងៃ តំលៃវិញលក់បាន ២.៥០០ រៀលក្នុង ១គីឡូក្រាម។ លោកថា ម៉ូយទិញនំបញ្ចុក មានកាន់តែច្រើនកន្លែង ទាំងនៅក្នុងក្រុងកំពង់ ចាម និងតំបន់ជាយក្រុង ចំពោះប្រាក់ចំណេញវិញ បានផ្តត់ផ្តង់កូនចៅឲ្យរៀនសូត្របានគ្រប់ៗគ្នា ។
សម្រាប់«ទិវាហូបនំបញ្ចុក»នៅថ្ងៃទី៩ មិថុនា នេះ លោក ថា មានការកុំម្មង់ទិញច្រើនជាងថ្ងៃ ធម្មតា រហូតដល់ចន្លោះពី ៣ទៅ ៤តោន តែគាត់មិនអាចមានលទ្ធភាពផលិតបានតាម តម្រូវការរបស់អ្នក ស្នើ សុំទេ គឺទទួលបានត្រឹមតែចំនួន ១តោនកន្លះ ប៉ុណ្ណោះ ចំពោះតំលៃវិញលក់បាន ៣.០០០រៀលក្នុង១ គីឡូក្រាម គឺឡើងថ្លៃបានតែមួយថ្ងៃនេះទេ ដោយសារត្រូវប្រើកម្លាំងពលកម្ម បន្ថែមដល់ទៅ ៣នាក់ ទៀត ។ លោកថា ផុតពីថ្ងៃនេះ ដែលសម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យចូលរួមហូបនំបញ្ចុក នេះ ទៅ លោកនឹងលក់ក្នុងធម្មតាវិញ គឺ២.៥០០រៀលក្នុង១គីឡូក្រាម តាមរយៈការប្រើប្រាស់នូវឧបករណ៍ ទំនើប ធ្វើឲ្យធូរស្រាលកម្លាំងច្រើនផងដែរ ។
លោក ចាន់ នី បញ្ជាក់បន្ថែមថា សព្វថ្ងៃរបរធ្វើនំបញ្ចុកលក់នេះ រូបលោកនៅតែបន្តរបរនេះទៅថ្ងៃមុខ ទៀត គឺប្រឹងដុសខាត់លើរបរនេះ បង្កើនការយល់ដឹងពីរបៀបរបបធ្វើនំឲ្យមានគុណភាពខ្ពស់ ស្វិតល្មម មិនប៉ះពាល់ដល់សុខភាព ហេតុដូច្នេះហើយ ទើបមានគេចូលចិត្តទិញ នំបញ្ចុករបស់លោក មានចំនួន កើនឡើជាបន្តបន្ទាប់។
លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម បានប្រាប់ឲ្យដឹងថា បច្ជុប្បន្ននេះ នៅក្នុងក្រុងកំពង់ចាម មាន ទីតាំងលផលិតនំបញ្ចុក តែពីរកន្លែងប៉ុណ្ណោះ សម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវការទាំងក្នុង និងក្រៅក្រុង កំពង់ចាម ហើយនៅព្រឹកថ្ងៃទី៩ មិថុនា ឆ្នាំ២០១៩ នៅ សួនគ្រញូង ភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម នឹងមានរៀបចំការជួបជុំពិសានំបញ្ចុក សាមគ្គីជិត២០០តុ ដោយធ្វើឡើងក្រោម អធិបតី ភាព ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ចាម ផងដែរ៕ ដោយ ៖ សហការី