ភ្នំពេញ ៖ មន្រ្តីរដ្ឋបាលរាជធានី ដឹកនាំដោយ លោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិត្រីចក្រយានកម្ពុជា កាលពីព្រឹកថ្ងៃអាទិត្យទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំកម្មវិធីហូបនំបញ្ចុក សាមគ្គីភាព ជាមួយបងប្អូន មន្រ្តីរាជការ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញនិងបងប្អូន សមាជិក មូលនិធិត្រីចក្រយានកម្ពុជាតបតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
មន្រ្តីព័ត៌មានរដ្ឋាបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការជួបជុំទទួលទាននំបញ្ចុក ជាមហាគ្រួសារខ្មែរនាពេលនេះ បានបង្ហាញឲ្យឃើញ ពីសាមគ្គីភាព មិត្តភាព ការលើកស្ទួយផលិតផលខ្មែរ ដែលនំបញ្ចុកនេះ គឺជាអាហាររបស់ខ្មែរមួយប្រភេទ ដ៏ពេញនិយម នៅគ្រប់តំបន់ ដោយប្រជាពលរដ្ឋ ចូលចិត្តទទួលទានបំផុតមិនថា ទទួលទានជាប្រចាំថ្ងៃ ឬពេលមានបុណ្យទាន ម្តងៗនោះទេ គេតែងរៀបចំនំបញ្ចុក មកទទួលភ្ញៀវជាធម្មតា និងដោយក្តីរីករាយ។
បន្ទាប់ពីបញ្ចប់កម្មវិធីពិសារនំបញ្ចុក ជាមួយមន្ដ្រីរាជការ និងសមាជិក មូលនិធិត្រីចក្រយានកម្ពុជា នៅសាលារាជធានីភ្នំពេញ រួចហើយ នៅថ្ងៃដដែលនេះ ឯកឧត្តម ឃួង ស្រេង ក៏បាន បន្ដទៅជួបសំណេះសំណាល និង ពិសារនំបញ្ចុកសាមគ្គីជាតិ ជាមួយ សហជីព និង កម្មករ កម្មការិនី ដែលជាសមាជិក សមាជិការ ដែលទើបនឹងកសាងពង្រីកថ្មី របស់គណបក្សប្រជាជនកម្ពុជា មកពីរោងចក្រចំនួន៦៤ នៅខណ្ឌ ពោធិ៍សែនជ័យ និងខណ្ឌ កំបូល ប្រមាណជាង១,៦៥៥នាក់ ទៀត។
ក្នុងឱកាសសំណេះសំណាលជាមួយកម្មករ និយោជិតនោះ លោក ឃួង ស្រេង បានរំលឹក អំពីការគិតគូររបស់ប្រមុខដឹកនាំ ដែលតែងតែបានប្រកាស អំពីគោលនយោបាយរាជរដ្ឋាភិបាល គោលនយោបាយជាតិគាំពារសង្គម ចំពោះបងប្អូនកម្មករ និយោជិត។ ទន្ទឹមនោះ ក្រុមការងារគណចលនាសហជីព បានចុះស្វែងយល់ផ្សព្វផ្សាយបន្ថែម អំពីខ្លឹមសារសំខាន់ៗពាក់ព័ន្ធ រួមទាំងការជួយចិញ្ចឹមចលនាជាប្រចាំ ធ្វើឱ្យអារម្មណ៍បងប្អូនសប្បាយរីករាយ និងបង្កើនជំនឿចិត្តយ៉ាងមុតមាំមកលើគណបក្សប្រជាជននិងរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
គួររំលឹកថា ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវ ឲ្យប្រជាពលរដ្ឋចូលរួម ហូបនំបញ្ចុកទាំងអស់គ្នា នៅថ្ងៃទី៩ មិថុនា ដោយសម្ដេចតេជោ បញ្ជាក់ថា នំបញ្ចុកជាអត្តសញ្ញាណរបស់ជាតិ មិនមែនជារបស់ បក្សនយោបាយណាមួយនោះទេ ដូច្នេះកុំយកនំបញ្ចុក ធ្វើជាបញ្ហានយោបាយឲ្យសោះ៕