រុស្ស៊ី៖ប្រធានាធិបតីរុស្ស៊ីលោក Vladi mir Putin និយាយថានៅឆ្នាំនេះប្រទេសរបស់លោកនឹងមានគ្រាប់មីស្ស៊ីលឆ្លង ទ្វីបថ្មីចំនួនជាង៤០គ្រាប់ថែមទៀតបន្ថែមពីលើចំនួនគ្រាប់បែក នុយក្លេអ៊ែរដែលរុស្ស៊ីមានសព្វថ្ងៃ។ ប្រធានអង្គការ ណាតូ និយាយថា នេះជាចរិតដ៏មានគ្រោះថ្នាក់របស់រដ្ឋាភិបាលក្រុងមូស្គូ។
យោងតាម ABC បានសរសេរថា ការប្រកាសនេះបានធ្វើឡើង១ថ្ងៃបន្ទាប់ពីមន្ដ្រីរុស្ស៊ីបានតវ៉ា ជំទាស់ទៅនឹងផែនការរបស់សហរដ្ឋអាម៉េរិកនៅក្នុងការដាក់រថក្រោះ និងគ្រឿងអាវុធធុនធ្ងន់នៅឈរជើងតាមប្រទេសដែលជាសមាជិកអង្គការ ណាតូ (NATO) នៅតាមព្រំដែនជាមួយរុស្ស៊ី ដោយរុស្ស៊ីលើកឡើងថា ជាសកម្មភាពគឃ្លើនខ្លាំងបំផុតរបស់អាមេរិកចាប់តាំងពីសម័យសង្គ្រាមត្រជាក់។
បន្ទាប់ពីជំនួបប្រជុំជាមួយនឹងមេដឹកនាំ ហ្វាំងឡង់លោក Vladimir Putin បាននិយាយថា រុស្ស៊ីនឹងត្រូវបង្ខំចិត្ដតម្រង់ទិសដៅនៃកងប្រដាប់អាវុធរបស់ខ្លួនទៅលើប្រទេសទាំងឡាយណាដែលអាចគំរាមដល់រុស្ស៊ី។
ប្រធានអង្គការណាតូលោក Jens Stoltenberg បានព្រមានថាផែនការរបស់រុស្ស៊ីក្នុងការដាក់ពង្រាយគ្រាប់មីស្ស៊ីល នុយក្លេអ៊ែរឆ្លងទ្វីបថ្មីចំនួន៤០គ្រាប់នេះ គឺជាផ្នែកមួយនៃនិន្នាការចរិតដ៏មានគ្រោះថ្នាក់របស់រដ្ឋាភិបាលក្រុងមូស្គូ។
លោក John Kerry រដ្ឋមន្ដ្រីការបរទេសអាម៉េរិកក៏បានសំដែងឲ្យឃើញនូវកង្វល់ផងដែរជុំវិញការប្រកាសឲ្យដឹងរបស់រុស្ស៊ីនេះ។
ABC បន្តថា ញ្ហាតានតឹងរវាងរុស្ស៊ី និងពួកបច្ចិមប្រទេសជុំវិញវិបត្ដិនៅអ៊ុយក្រែនកំពុងឡើងកម្ដៅខ្លាំង ហើយរដ្ឋាភិបាលអាម៉េរិក និងរដ្ឋាភិបាលរុស្ស៊ីបានមានភាពមិនចុះសម្រុងនឹងគ្នាយ៉ាងច្រើនជុំវិញបញ្ហានានា។
មន្ដ្រីរុស្ស៊ីបានព្រមានឲ្យដឹងថា រដ្ឋាភិបាលក្រុងមូស្គូនឹងតដៃវិញប្រសិនបើសហរដ្ឋអាម៉េរិកអនុវត្ដ ផែនការដាក់ពង្រាយសម្ភារៈយោធាធុនធ្ងន់នៅប៉ែកខាងកើតអឺរ៉ុបរួម ទាំងប្រទេសដែលជាអតីតទឹកដីរបស់សហភាពសូវៀតនោះ៕
មីស្ស៊ីល Topol-M របស់រុស្ស៊ី (Credit: Reuters)