ភ្នំពេញ ៖ ការប្រយុទ្ធប្រឆាំងជំងឺមិនឆ្លងនៅតែជាកង្វល់ដ៏ធំ និងធ្ងន់ធ្ងរសម្រាប់សុខភាពប្រជាជន កម្ពុជា ក្នុងនោះ ៦១% នៃអ្នកស្លាប់សរុប គឺបណ្តាលមកពីជំងឺមិនឆ្លង ហើយថ្នាំជក់គឺជា ចំណែកមួយនៃបញ្ហាជំងឺមិនឆ្លង។
នេះជាការលើកឡើងរបស់លោកជំទាវ ឡោក ខេង ប្រធាន គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី ដែលបានលើកឡើងនៅក្នុងសិក្ខាសាលាស្តីពីភាពជាអ្នកដឹកនាំក្នុង ការត្រួតពិនិត្យការអនុវត្តន៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ស្តីពីការត្រួតពិនិត្យផលិត ផលថ្នាំជក់ ដែលរៀបចំធ្វើឡើងដោយគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា នាព្រឹកថ្ងៃទី១១ មិថុនានេះ នៅវិមានរដ្ឋសភា ដោយមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ។
លោកជំទាវ ឡោក ខេង មានប្រសាសន៍ថា យន្តការអនុវត្តន៍ត្រួតពិនិត្យរបស់គណៈ កម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់នៅមានបញ្ហាប្រឈមដូចជា៖ កង្វះខាតថវិកា និងកង្វះ ខាតមន្រ្តីអធិការកិច្ច ដែលធ្វើឱ្យការអនុវត្តអនុក្រឹត្យស្តីពីវិធានការហាមការជក់ និងការបង្អុយ ផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬទីកន្លែងសាធារណៈ នៅមិនទាន់បានពេញលេញ ជាពិសេសនៅតាមភោជនីយដ្ឋាន ហាងកាហ្វេ ក្លិបកំសាន្ត រង្គសាលជាដើម ហើយចំពោះការ កំណត់ពន្ធលើផលិតផលថ្នាំជក់នៅមានកម្រិតទាបបើធៀបនឹងប្រទេសជិតខាង។ លោកជំទាវ បានបន្តថា យោងតាមរបាយការណ៍នៅក្នុងដើមឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាបានតម្លើងពន្ធ ត្រឹមតែ ២៥ ទៅ ៣១,១% ប៉ុណ្ណោះបើប្រៀបធៀបនឹងប្រទេសមីយ៉ាន់ម៉ា ដែលគេធ្វើបានរហូត ទៅដល់ ៥០ ទៅ ៦០%។
រីឯសិង្ហបូរីវិញបាន ៦៧,៥% និងប្រទេសថៃបានតម្លើងរហូតដល់ទៅ ៧០% ដែលជាពន្ធខ្ពស់ជាងគេនៅក្នុងសហគមន៍អាស៊ាន ហើយថា កម្ពុជាក៏មិនទាន់មាន មូល និធិត្រួតពិនិត្យយន្តការអធិការកិច្ច និងយន្តការផាកពិន័យនៅឡើយដែរ។
លោក ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភាមានប្រសាសន៍ថា ក្នុងនាមរដ្ឋសភាសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលចំពោះការចាត់វិធានការក្នុងការអនុវត្តន៍ការ ត្រួតពិនិត្យថ្នាំជក់ និងការដាក់សារព្រមានសុខភាពនៅលើកញ្ចប់បារី និងបានចាត់វិធានការការ ពារបរិយាកាសគ្មានផ្សែងផលិតផលថ្នាំជក់ ដោយមកទល់ពេលនេះ យើងមានមោទនភាពក្នុង ការទទួលបានជោគជ័យក្នុងការទបស្កាត់ការប្រើប្រាស់ថ្នាំជក់នៅប្រទេសកម្ពុជា ក៏ប៉ុន្តែទន្ទឹមនេះ ឯកឧត្តមអនុប្រធានទី១ រដ្ឋសភាបានគូសបញ្ជាក់ថា យើងក៏នៅតែមានការព្រួយបារម្ភអំពីផល អវិជ្ជមាននៃការប្រើប្រាស់ផលិតផលថ្នាំជក់ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព សេដ្ឋកិច្ច សង្គម និងបរិស្ថាន ហើយបញ្ហានេះក៏ជាឧបសគ្គមួយក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពផងដែរ៕