ភ្នំពេញ ៖ នៅព្រឹកស្អែកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នេះ ក្រសួងមហាផ្ទៃ បាននឹងចាប់ផ្តើមប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា រាជធានី ខេត្ត អាណត្តិទី៣ នៅ ២៥រាជធានី ខេត្តទូទាំងប្រទេស ដែលចេញដំណើរដំបូងពីរាជធានីភ្នំពេញ បន្ទាយមានជ័យ ត្បូងឃ្មុំ និងនៅខេត្តកណ្តាល។
យោងតាមបញ្ជីរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែមិថុនា នឹងរៀបចំប្រកាសនៅខេត្តកំពត កំពង់ស្ពឺ ឧត្តមានជ័យ កំពង់ឆ្នាំង ប៉ៃលិន បាត់ដំបង និងខេត្តសៀមរាប។ ថ្ងៃទី១៤មិថុនា នៅខេត្តព្រះវិហារ កែប រតនគិរី ស្ទឹងត្រែង និងព្រះសីហនុ។ ថ្ងៃទី១៥ ខែមិថុនា នៅខេត្តកោះកុង ពោធិ៍សាត់។ ថ្ងៃទី១៦មិថុនា នៅខេត្តស្វាយរៀង និងខេត្តព្រៃវែង។ ថ្ងៃទី១៧មិថុនា នៅខេត្តកំពង់ធំ ក្រចេះ មណ្ឌលគិរី និងកំពង់ចាម។
សូមជម្រាបថា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ គ.ជ.ប បានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតក្រុមប្រឹក្សា អាណត្តិទី៣ ដោយបង្ហាញថា ក្នុងចំណោមគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងទាំង ៧ គឺមានគណបក្ស ៣ប៉ុណ្ណោះ ដែលទទួលបានអាសនៈ នៅក្រុមប្រឹក្សារាជធានីខេត្ត និងក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ រួមមាន៖
១-គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈរាជធានី ខេត្ត ចំនួន៥៥០ និងអាសនៈក្រុង ស្រុក ខណ្ឌ ចំនួន ៣៤៨៤។
២-គណបក្សខ្មែររួបរួមជាតិ ទទួលបានអាសនៈក្រុមប្រឹក្សាខេត្ត ចំនួន៦ និង អាសនៈក្រុង ស្រុក ខណ្ឌ ចំនួន ៣៨។៣-គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានអាសនៈក្រុមប្រឹក្សាខេត្ត ចំនួន៣ និងអាសនៈក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន ៣៣។
ដោយឡែក ប្រធានក្រុមប្រឹក្សារាជធានីខេត្ត ទាំង ២៥ នៅទូទាំងប្រទេស និងតំណែងប្រធានក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ទាំង ២០៣ នៅទូទាំងប្រទេស បានទៅលើគណបក្សប្រជាជនកម្ពុជា៕