ភ្នំពេញ ៖ ក្រុមការងារបច្ចេកទេស បានចុះវាស់វែង និងកំណត់ព្រំដី ក្នុងបឹងជើងឯក ស្ថិតនៅក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ចាប់ផ្តើមអនុវត្តការងាររបស់ខ្លួន ចាប់ពីថ្ងៃទី១០ ខែមិថុនា នេះតទៅ និងអំពាវនាវអោយសាធារណៈជន និងអង្គភាពនានា ដែលមានការពាក់ព័ន្ធ នឹងដីធ្លីក្នុងតំបន់ខាងលើចូលរួមសហការឱ្យមានប្រសិទ្ធភាពខ្ពស់។
សាលារាជធានីភ្នំពេញ បានសេចក្តីជូនដំណឹង ស្តីពីការវាស់វែងនិងការកំណត់ព្រំដីក្នុងបឹងជើងឯក ស្ថិតនៅក្នុងខណ្ឌមានជ័យនិងខណ្ឌដង្កោរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមិថុនានេះ ដែលចុះហត្ថលេខាដោយ ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ។
នៅក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា ៖ យោងលិខិតលេខ៧៤៩សជណចុះថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩របស់ទីស្តីការគណៈរដ្ឋមន្ត្រីសេចក្តីសម្រេចលេខ០៥៤ចុះថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩ស្តីពីការបង្កើតគណៈកម្មការដឹកនាំអនុវត្តលិខិតលេខ៧៤៩សជណចុះថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩របស់ទីស្ដីការគណៈរដ្ឋមន្ត្រី សេចក្តីសម្រេចលេខ០៥៥សសរចុះថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩ ស្តីពីការបង្កើតក្រុមការងារបច្ចេកទេសចុះវាស់វែងនិងកំណត់ព្រំដីក្នុងបឹងជើងឯក ស្ថិតនៅក្នុងខណ្ឌមានជ័យនិងខណ្ឌដង្កោរាជធានីភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្ដាល។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជននិងអង្គភាពនានាដែលមានការពាក់ព័ន្ធនឹងក្បាលដីដែលស្ថិតនៅក្នុងផ្ទៃបឹងជើងឯក ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ និងខណ្ឌដង្កោរាជធានីភ្នំពេញក្រុងតាខ្មៅខេត្តកណ្ដាល ឲ្យបានជ្រាបថា ក្រុមការងារបច្ចេកទេសចុះវាស់វែង និងកំណត់ព្រំដីបឹងជើងឯកនៃគណៈកម្មាធិការដឹកនាំអនុវត្តលិខិតលេខ៧៤៩សជណចុះថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី និងចុះបំពេញការងារដូចខាងក្រោម៖
១ / ចុះស្វែងរកចំណុចព្រំដីទំហំ១៩០ហិកតា ដែលត្រូវបម្រុងទុកសម្រាប់អភិវឌ្ឍ និងស្វែងរកចំណុចព្រំដីអ្នកកាន់កាប់ផ្ទៃដីទំហំ១៩០ហិកតាដែលត្រូវបំរុងទុកសំរាប់អភិវឌ្ឍន៍។
២ / ចុះស្វែងរកចំណុចព្រំដីផ្ទៃបឹងជើងឯងទំហំ១៨១ហិកតា ដែលត្រូវរក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ។ ៣ ចុះសិក្សានិងវាស់វែងកំណត់និយាមការបណ្ដាញហេដ្ឋារចនាសម្ព័ន្ធទៅទីតាំងបឹងជើងឯក។
ក្រុមការងារបច្ចេកទេស ចុះវាស់វែង និងកំណត់ព្រំដី ក្នុងផ្ទៃបឹងជើងឯក និងចុះអនុវត្តការងារខាងលើចាប់ពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៩នេះតទៅ។
ទទួលបានសេក្តីជូនដំណឹងនេះ សូមសាធារណៈជននិងអង្គភាពនានា ដែលមានការពាក់ព័ន្ធនឹងដីធ្លីតំបន់ជើងឯកដូចមានផែនទីភ្ជាប់អញ្ជើញចូលរួមសហការឱ្យទទួលបានប្រសិទ្ធភាពខ្ពស់៕