ភ្នំពេញ ៖ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នេះ លោក ផែង វណ្ណៈ ដែលកំពុងជាប់ឃុំពាក់ព័ន្ធនឹងសំណុំរឿងជាច្រើន បានសរសេរលិខិតសុំអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នូវព័ត៌មានដែលខ្លួនបានសរសេរ ដោយប្រៀបធៀបមិនសមរម្យ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងសុំការអភ័យទោសពីសំណាក់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួនផងដែរ។?
លោក ផែង វណ្ណៈ បានសរសេររៀបរាប់ថា «ទង្វើដ៏ឆ្គាំឆ្គងនេះកើតឡើងដោយសារ ខ្ញុំមានការភ្លេចខ្លួនមានអារម្មណ៍ឆេវឆាវ ខ្វះការពិចារណា ច្រឡោត ខឹងសម្បា ទៅលើអ្នកលេងហ្វេសប៊ុកមួយចំនួន ដោយមិនបានគិតវែងឆ្ងាយ ជាហេតុនាំឲ្យប៉ះពាល់ដល់កិត្តិយស សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ល្អប្រពៃ នៃប្រជាជនកម្ពុជា។ ទន្ទឹមនេះខ្ញុំបាទ ក៏សុំការអភ័យទោសផងដែរ ពីសំណាក់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួននាពេលកន្លងមក ដែលខ្ញុំធ្លាប់បានរិះគន់ ដោយប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ធ្វើឲ្យប៉ពាល់ដល់កិត្តិយសផ្ទាល់ខ្លួនរបស់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួន»។
លោក ផែង វណ្ណៈ បានសរសេរបញ្ជាក់ទៀតថា «ខ្ញុំបាទ ចងចាំនូវកំហុសឆ្គងកន្លងមកនេះ ដោយសន្យាថា នឹងធ្វើការកែប្រែអត្តចរិត ពាក្យសម្តីរបស់ខ្លួន និងមិនឲ្យបញ្ហាទាំងនេះ កើតឡើងជាថ្មីម្តងទៀត»។
សូមរំលឹកថា លោក ផែង វណ្ណៈ ត្រូវបានលោក គី តិច មេធាវីរបស់សម្តេច ហ៊ុន សែន ប្តឹងពីបរិហារកេរ្តិ៍ជាសាធារណៈនិងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ លោក រងបណ្តឹងនេះ ដោយសារតែលោក ចោទជាសំណួរថា បើលោក មានទោស ដោយគ្រាន់យកថវិកាទៅចូលបុណ្យសពកញ្ញា ឌុំ រីដា និស្សិតឆ្នាំ៤ ដែលស្លាប់ដោយសារយុវតី យិន ម៉ាណា បើករថយន្តបុក (អចេតនា) ចុះសម្តេច ហ៊ុន សែន ឲ្យគេយកថវិកា ទៅចូលបុណ្យសពលោកបណ្ឌិត កែម ឡី យ៉ាងម៉េចទៅវិញ?
លោក គី តិច ចាត់ទុកសំណួររបស់លោក ផែង វណ្ណៈ ថាមានចេតនាចោទសម្តេច ហ៊ុន សែន ថាជាអ្នកនៅក្រោយខ្នងនៃអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី៕