ភ្នំពេញ ៖ កម្ពុជា នៅតែមិនអាចទាញយកផលពីរ៉ែប្រេងកាត និងផលិតផលប្រេងកាតបាននៅឡើយទេរហូតមកដល់ពេនេះ ព្រោះច្បាប់ស្តីពីការគ្រប់គ្រងវិស័យនេះ មិនទាន់ត្រូវបានអនុម័តដោយរដ្ឋសភានៅឡើយ ហើយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ រដ្ឋសភានឹងធ្វើការប្រជុំដើម្បីអនុម័តទៅលើសេចក្តីព្រាងច្បាប់មួយ ដើម្បីបើកផ្លូវឱ្យដំណើរការបូមយកប្រេងកាតបាន។
នេះបើតាមការបញ្ជាក់របស់លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែមិថុនា នេះ នៅក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មា
ធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភាជាតិ។
សូមជម្រាបជូនថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកាលពីព្រឹកមិញនេះបានពិនិត្យ ទៅលើរបៀបវារៈមួយចំនួនសម្រាប់ដាក់ចូលទៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី២ នីតិកាល ទី៦ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ រួមមាន ៖
១.ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ឯកឧត្តម សុខ ផេង ជាតំណាងរាស្ត្រមណ្ឌលព្រៃវែង ជំនួសឯកឧត្តម ពៅ សាមី ដែលទទួលមរណភាព។
២.សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត។
៣.សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតបង់ក្លាដេសស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។
៤.សេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េត ស្តីពីការជម្រុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។
៥.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពី ការជម្រុញ និការការពារេទៅវិញទៅមកនៃវិនិយោគ និង៦.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ៕ ដោយ ៖ ភិរ៉ាន្ទ