ស្វាយរៀង៖ បុរសម្នាក់ជាអនុប្រធានអង្គការអភិវឌ្ឍន៍ភូមិកម្ពុជា ( CVDA ) ត្រូវបានឃាត់ខ្លួនពីបទឆបោកតាមរូបភាពយកប្រាក់ទៅតម្កល់ឲ្យអង្គការរបស់ខ្លួនដោយផ្តល់ការប្រាក់ខ្ពស់រហូតដល់៤០ភាគរយ យោងតាមបណ្តឹងប្រជាពលរដ្ឋនៅស្រុករំដួល ខេត្តស្វាយរៀង។
មន្ត្រីនគរបាលមួយរូបបានបញ្ជាក់ថា ការឃាត់ខ្លួននេះ បានធ្វើឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០១៥ តាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន ១៣ គ្រួសារក្នុងឃុំពងទឹក ស្រុករំដួល សមត្ថកិច្ចជំនាញព្រហ្មទណ្ឌខេត្ត បានកោះហៅឈ្មោះ ជេត សារិន ជាអនុប្រធាន CVDA ដែលមានទីស្នាក់ការនៅផ្ទះលេខ៤៤ ផ្លូវលំលេខ៤ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធករណីឆបោកប្រាក់ចំនួន ៣៩.៥០០ដុល្លារអាមេរិក របស់ប្រជាពលរដ្ឋចំនួន ១៣គ្រួសារ ក្នុងអំឡុងពីឆ្នាំ២០១៣-២០១៤។
ប្រភពបន្តទៀតថា តាមរយៈពាក្យបណ្តឹងអង្គការនេះ បានចលនាឲ្យប្រជាពលរដ្ឋទៅចងការណ៍ប្រាក់ពីធនាគារអេស៊ីលីដា (ACLEDA ) យកមកចងការណ៍បន្តឲ្យខ្លួន ដោយសន្យាផ្តល់ប្រាក់ការចំនួន៤០ភាគរយ ក្នុងរយៈពេល២៤ ខែ និងបង់ប្រាក់រំលោះឲ្យធនាគារ ACLEDA ជំនួសប្រជាពលរដ្ឋ រៀងរាល់ខែ រហូតដល់សងចប់បំណុល ។ អង្គការនេះ អនុវត្តកិច្ចសន្យាដោយបានបង់ប្រាក់រំលោះឲ្យធនាគារជំនួស ប្រជាពលរដ្ឋ ក្នុងម្នាក់ៗ ត្រឹមតែពី ៣ទៅ៥ ខែប៉ុណ្ណោះ ក៏ឈប់បង់ប្រាក់រំលោះនោះ ធ្វើឲ្យធនាគារបង្ខំទារប្រាក់ពីប្រជាពលរដ្ឋ។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ឈ្មោះ ជេត សារិន បានឆ្លើយសារភាពថា ខ្លួនគេនឹងបក្ខពួក ពិតជាបានឆបោកប្រាក់ពីប្រជាពលរដ្ឋ ដែលមានចំនួនដូចខាងលើពិតប្រាកដមែន ពេលនោះសមត្ថកិច្ចក៏បាន ឃាត់ខ្លួនជនសង្ស័យរូបនេះនៅថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង៣រសៀល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចាត់ការតាមច្បាប់។
រីឯឈ្មោះ ជេត រ៉ែន ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជេត សារិន និងជាប្រធានអង្គការ សមត្ថកិច្ចបានធ្វើសំណើជូនតុលាការដើម្បីសុំដីកាតាមចាប់ខ្លួន ។ ជនជាប់សង្ស័យពីការឆបោកនេះ នឹងត្រូវបញ្ជូនទៅតុលាការនៅម៉ោង២ រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ នេះ៕
ជេត សារិន អនុប្រធានអង្គការអភិវឌ្ឍន៍ភូមិកម្ពុជា