ឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់ប្រភេទ B40 ចំនួន៤គ្រាប់ ដោយគ្រាប់ទាំងនោះ សុទ្ធសឹងតែជាគ្រាប់ មានសភាពនៅល្អៗទាំងអស់ ដែលគេយកទៅដាក់ច្នៃបង្កៃកប់ក្នុងដី និងចាក់រំសេវទុកបំផ្ទុះ តែសំណាងល្អមិនមានសិស្ស ឬប្រជាពលរដ្ឋណាម្នាក់ បានប៉ះពាល់ដល់គ្រាប់ទាំងនោះឡើយ។
គ្រាប់ B40 ដែលគេដាក់ច្នៃប្លង់ទុកចោល ដោយគេសង្ស័យថា ជារឿងទំនាស់ដីធ្លី ហើយត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ ស្ថិតនៅខាងក្រោយសាលាអនុវិទ្យាល័យរួតចំប៉ី ហ៊ុន សែន ស្ថិតនៅភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង១ និង៥០នាទី រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ។
កម្លាំងសមត្ថកិច្ចជំនាញ បានចុះដល់កន្លែងកើតហេតុពិនិត្យឃើញថា គ្រាប់ប្រភេទគ្រាប់ B40 ផលិតនៅប្រទេសសូវៀត ចំនួន ៤គ្រាប់ បានយកទៅកប់ក្នុងរណ្តៅ និងចាក់រំសែវ មានបីកន្លែងខុសគ្នា ដោយឃ្លាតពីកន្លែងមួយ ទៅកន្លែងមួយមានចម្ងាយប្រហែល ជា ១០ម៉ែត្រ និង គ្រាប់ DKចំនួន ១គ្រាប់ មានចម្ងាយ ប្រហែល ១០០ម៉ែត្រ ពីគ្រាប់ B40 ដែលដាក់ជាលក្ខណៈច្នៃបង្កៃ ទុកចោលដូចគ្នាផងដែរ។ កម្លាំងជំនាញការពារកន្លែងកើតហេតុ និងបានទាក់ទងទៅកម្លាំងស៊ីម៉ាក់ ដើម្បីប្រមូលយកគ្រាប់ទាំងនោះ យកទៅរក្សាទុក នៅកន្លែងមានសុវត្ថិភាព។
មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវរកមុខសញ្ញាយ៉ាងយកចិតតទុកដាក់បំផុត ដើម្បីនាំយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕