ដោយ ៖ សុត្ថារ៉ា
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ ក្រសួងអប់រំ យុវជននិងកីឡា បានជំរុញឱ្យថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់បន្ថែមទៀត ទៅលើចលនាជម្រុញឱ្យសាលារៀន មានបរិស្ថានល្អ មានអនាម័យល្អ ធានាដល់ការពង្រឹងសុខមាលភាពរបស់សិស្សានុសិស្សនៅតាមសាលារៀន។
លោក បណ្ឌិត សភាចារ្យ ណាត ប៊ុនរឿង រដ្ឋលេខធិការនិងជាតំណាង ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា សាលារៀនជាកន្លែងបណ្តុះគ្រាប់ពូជន៍ដ៏មានសក្កដានុពលបំផុតក្នុងការកសាងប្រទេសជាតិ ដូច្នេះក្រៅពីមានគ្រូបង្រៀនល្អ សាលារៀនក៏ត្រូវតែស្អាត ពោលគឺ មានសោភណ្ឌមាន បរិស្ថាន អនាម័យ និងសុវត្ថិភាពចំណីអាហារដែលជាមូលដ្ឋានដ៏សំខាន់ ក្នុងការពង្រឹងធនធានមនុស្ស ជាពិសេសឆ្លើយតបកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងវិស័យអប់រំ ដើម្បីប្រសិទ្ធភាព នៃការអប់រំ ក្នុងសម័យទំនើប និងបច្ចេកវិទ្យា។
លោក រដ្ឋលេខាធិការបានលើកឡើងដូច្នេះ នៅក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយ គោលការណ៍ និងនិតិវិធីនៃការវាយតម្លៃ នាយកសាលាល្អ គ្រូបង្រៀនល្អ គ្រូបង្រៀនថ្នាក់ល្អ ថ្នាក់ទី១ ទី២ និងទី៣ ភាសាខ្មែរ គណិតវិទ្យា សាលាស្អាត និង អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ កាលពីរសៀលថ្ងៃទី១៨ខែ មិថុនា នេះ នៅវិទ្យាស្ថានជាត់អប់រំ។
ឯកឧត្តម រដ្ឋលេខាធិការ បានស្នើឱ្យភាគីពាក់ព័ន្ធ ទាំងអស់ ដោយផ្តើមចេញពីនាយកសាលាលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់ អនុវត្តឱ្យបានល្អ តាមគោលការណ៍ សាលារៀនជំនាន់ថ្មី ដើម្បីធ្វើការប្រកួតប្រជែង និងទទួលបានការវាយតម្លៃល្អ ជាអង្គភាពសាធារណៈគំរូ ក្នុងវិស័យអប់រំ។
ឯកឧត្តមបណ្ឌិត សភាចារ្យ ណាត ប៊ុនរឿន ក៏បានជម្រុញឱ្យប្រធានមន្ទីរ បន្តពិនិត្យ តាមដាន នៅតាមសាលារៀន ក្នុងខេត្តនីមួយៗ មុននិងផ្ញើរបាយការណ៍ ឬ បញ្ជូនឈ្មោះមក ចូលរួមប្រកួតប្រជែងមកក្រសួង៕