ខេត្តក្រចេះ ៖ មន្ទីរសុខាភិបាលខេត្តក្រចេះ នៅតែព្រួយបារម្ភពីស្ថានភាពជំងឺគ្រុនឈាម ដោយសារ តែសព្វថ្ងៃនេះ ចំនួនអ្នកកើតជំងឺគ្រុនឈាមនៅមិនទាន់មានថមថយនៅឡើយ គឺកើនឡើងដល់ទៅ ជាង ៦រយនាក់ ក្នុងនោះមានអ្នកឈឺស្លាប់ដោយសារជំងឺនេះចំនួន ៣នាក់។ ជាមួយគ្នានេះមន្ទីរសុខា ភិបាលខេត្ត ក៏បានអំពាវនាវ ឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ខណៈជំងឺនេះកំពុងរាតត្បាតខ្លាំង តាមបណ្តាខេត្តក្រុងមួយចំនួន នារដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ។
ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ លោក ឈ្នាង វុត្ថា បានឱ្យដឹងថា គិតមកត្រឹមថ្ងៃទី ២១ ខែ មិថុនានេះ តួរលេខអ្នកកើតជំងឺគ្រុនឈាម ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ គឺមិនទាន់មានការ ថមថយនៅឡើយទេ។ លោកថា មូលហេតុដែលជំងឺនេះ ចេះតែបន្តកើនឡើង គឺដោយសារមានការ ចម្លងពីមូសខ្លានៅក្នុងអំឡុងពេលដែលអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យកំណើនមូសខ្លាកើតឡើង ច្រើនខុសពីធម្មតា ទើបធ្វើឱ្យមានការចម្លងឆ្លងឆាប់រហ័ស។
ជាមួយគ្នានេះ លោកប្រធានមន្ទីរបានអំពាវនាវ ឱ្យពលរដ្ឋ ប្រុស ស្រី ក្មេងចាស់ ដែលសង្ស័យ មានជំងឺគ្រុនឈាម ដែលមានអាការៈក្តៅខ្លួន ក្អួត ឈឺក្បាល ចុកពោះ មានស្នាមអុជក្រហម ឈឺសន្លាក់ សាច់ដុំ ត្រូវរូសរាន់មកពិនិត្យឬព្យាបាលនៅមន្ទីរពេទ្យខេត្ត ឱ្យបានទាន់ពេលវេលា ព្រោះថា ប្រភេទជំងឺ នេះ ទាមទារឱ្យមានការព្យាបាលតាមថេរវេលាមួយច្បាស់លាស់ បិមិនដូច្នោះទេ អាចមានគ្រោះថ្នាក់ ដល់ អាយុជីវិត។
លោកថា កន្លងមក មន្ទីរសុខាភិបាល បានធ្វើការណែនាំដល់ម្ចាស់គ្លីនិកឯកជនដែល ទទួលការ ព្យាបាលក្រៅមន្ទីរពេទ្យឱ្យមានការប្រញាប់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យខេត្តដើម្បីសង្រ្គោះព្យាបាល ជាបន្ទាន់ព្រោះមន្ទីរពេទ្យខេត្តមានគ្រូពេទ្យជំនាញឯកទេសត្រឹមត្រូវ និងមានសម្ភារៈបច្ចេកទេស គ្រប់ គ្រាន់ក្នុងការព្យាលបាល។
លោកប្រធានមន្ទីរបានបញ្ជាក់ថា កន្លងទៅមន្ទីរបានចាត់ឱ្យមន្រ្តីជំនាញ ចុះពិនិត្យមើលស្ថានភាព គោលដៅ ងាយរងគ្រោះ ដើម្បីមានវិធានការទប់ស្កាត់ដូចជា ការបាញ់ថ្នាំកម្ចាត់មូស ការដាក់ថ្នាំអាបែត នៅក្នុងពាង ឬអាងទឹករបស់ពលរដ្ឋ និងការអប់រំណែនាំសុខភាព ជូនដល់ពលរដ្ឋទាំងនោះ៕