ចំនួនថវិកាដែលជនរងគ្រោះក្នុងហេតុការណ៍បាក់អគារត្រូវទទួលបាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 June, 2019 ក+ ក-

ភ្នំពេញ ៖ គិតត្រឹមថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាលបាន និងស្ថាប័នមួយចំនួន បានប្រកាសឧបត្ថម្ភប្រាក់ ដល់ជនរងគ្រោះថ្នាក់ដល់ស្លាប់បាត់បង់ជីវិតដែលគ្រួសារសពនីមួយៗទទួលបានជាង៤០លានរៀល ចំណែកជនរងរបួសទទួលបានជាង៧លានរៀល។

 

តាមរបាយការណ៍បឋម ឲ្យដឹងថា អ្នករងរបួសនឹងទទួលបានថវិកាសរុប 7.200.000 ក្នុងម្នាក់ ក្នុងនោះ មានថវិការាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់ដោយសម្តេចតេជោ ហ៊ុន សែនចំនួន ៥លានរៀល ថវិកាក្រុមការងារថ្នាក់ជាតិ ១លានរៀល កាកបាទក្រហម១លានរៀល និងថវិកាសាលាខេត្ត២០ម៉ឺនរៀល) រួមទាំងការព្យាបាលដោយមិនបាច់បង់ប្រាក់ផងដែរ។

ចំពោះអ្នកស្លាប់ ទទួលបានសរុប ៤៩លានរៀល ក្នុងម្នាក់ៗ ក្នុងថវិការាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្តល់ដោយសម្តេចតេជោ ហ៊ុន សែន ចំនួន ៤០លានរៀល ក្រុមការងារថ្នាក់ជាតិ១លាន រៀលកាកបាទក្រហម១លាន សាលាខេត្ត២លានរៀល ព្រះរាជអាជ្ញា៥០ម៉ឺនរៀល តំណាងរាស្រ្តខេត្តព្រះសីហនុ ៥០ម៉ឺនរៀល និងក្រសួងការងាខាងបសស៤លានរៀល។

ដោយឡែកថវិកាសព សាលាខេត្ត បានចាត់លោកស្រីអភិបាលរងខេត្តចាំប្រគល់ជូនគ្រួសារដោយផ្ទាល់ចំនួន ៤៥លាន ចំណែក៤លានទៀត ខាងក្រសួងការងារនឹងប្រគល់ជូនគ្រួសារសពដោយឡែក។

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅមិនទាន់បញ្ចប់ទេ អាចនឹងមានសប្បុរសជនផ្សេងទៀតនឹងចូលរួមជាបន្តបន្ទាប់ទៀត ខណៈដែលក្រុមសង្គ្រោះកំពុងបន្តស្វះស្វែងរុករកយ៉ាងមមាញឹក ដើម្បីជួយអ្នកដែលសង្ស័យថា នៅមានសេសសល់ក្រោមគំនរថ្មនៅឡើយ៕